ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាស ជូនទៅដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាខណ្ឌ យកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួល បានម៉ាសចំនួន២លានម៉ាសពីក្រសួងសុខាភិបាល។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងពិធី ប្រគល់ និងទទួល ម៉ាសចំនួន២លានម៉ាស ពីក្រសួងសុខាភិបាល នៅរាត្រីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរដ្ឋបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងដល់សហគមន៍។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សម្តេចបាន បញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជ ធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល,ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ផងដែរ៕ដោយ៖សំរិត