ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលឧប្បត្តិហេតុនេះកើតឡើងដោយសារជនរងគ្រោះបើកបរម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីវេលាម៉ោង៦និង២៣នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចម្ងាយ២០០ម៉ែត្រខាងលិចសាលាបឋមសិក្សាជ័យឧត្តម ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។ 

 នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះឈ្មោះ មើយ ប្រុសធំ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក បើកបរម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ។ 

 ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនហើយមានស្ថានភាពស្រវឹងខ្លាំង។ ពេលមកដល់កន្លែងកើតហេតុជាកន្លែងមានលូទួលខ្ពស់ជនរងគ្រោះក៏បើកឆ្លងកាត់ពីលើបណ្តាលឲ្យម៉ូតូហោះធ្លាក់មកវិញដួលមនុស្សបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក៏បានបាត់បង់ជីវិត ។

ចំពោះម៉ូតូនិងសពជនរងគ្រោះសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វណ្ណា


ចែករំលែក៖