អន្តរជាតិ៖ បើតាមទីភ្នាក់ងារ AFP នៅយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានដកស្រង់ចេញផ្សាយថា បន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រេស៊ីល បានផ្អាកក្រុមហ៊ុនចិន សាយណូវ៉ាក់–បាយអូធិច(Sinovac Biotech) ចំនួនពីរថ្ងៃ នៅក្នុងអ្វីដែលក្រុមអ្នករិះគន់បានពណ៌នាថា ជាការសម្រេចចិត្តពាក់ព័ន្ធនឹងនយោបាយនោះ។ ក្រោយមកអាជ្ញាធរសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនឱសថមួយនេះ បន្តការធ្វើតេស្តពិសោធន៍វ៉ាក់សាំង Covid-19 របស់ខ្លួនឡើងវិញ។
ទីភ្នាក់ងារ AFP បន្តថា អាជ្ញាធរសុខាភិបាលប្រេស៊ីល ហៅកាត់ថា Anvisa បានបញ្ជាក់យ៉ាងដូច្នេះថា៖ ឥឡូវនេះពួកគេបានទទួលព័ត៌មានលម្អិតបន្ថែមទៀត អំពីលក្ខណៈនៃឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យបញ្ឈប់ការធ្វើតេស្តវ៉ាក់សាំង CoronaVac របស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ នោះហើយ។ជាមួយនឹងការបញ្ជាក់បន្ថែមថា ព័ត៌មានទាំងនោះ គឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងឡើងវិញ។
បើតាមការអះអាងរបស់លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលដែលបានរិះគន់ វ៉ាក់សាំង CoronaVac របស់ចិននេះបានបញ្ជាក់ថា ការផ្អាកធ្វើតេស្តនេះគឺជាជោគជ័យមួយ។ ទោះយ៉ាងណា មន្រ្តីសុខភាពសាធារណៈបាននិយាយថា«ឧប្បត្តិហេតុមិនល្អ» ដែលនាំឲ្យស្លាប់អ្នកទទួលស្ម័គ្រចិត្តចូលរួមធ្វើតេស្ត ដែលប៉ូលីសកំពុងស៊ើបអង្កេតនោះថា ជាការធ្វើអត្តឃាតខ្លួនឯងទេ មិនមានការជាប់ទំនាក់ទំនងជាមួយវ៉ាក់សាំងនោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសប្រេស៊ីល បានសម្រេចចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៤៦លានដូស នៅក្នុងតម្លៃ ៩០លានដុល្លារអាមេរិកពីក្រុមហ៊ុនចិន សាយណូវ៉ាក់–បាយអូធិច (Sinovac Biotech) ខណៈប្រេស៊ីល ក៏ជាទីកន្លែងធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុននេះ នៅក្នុងតំណាក់កាលទី ៣ (Pharse III) ផងដែរ៕ដោយ៖ស តារា