ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស យ៉ារ៉ា ក្រោយឆ្លងកូវីដ-១៩ ពេលនេះបង្ហាញ​ពីសុខភាពរបស់​ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សួសយ៉ារ៉ា សមាជិករដ្ឋសភា ដែលបានឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកាលពីថ្ងៃពុធទី១១ ខែវិច្ឆិកាម្សិលមិញនេះថា ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពសុខភាពលោកគឺនៅជាធម្មតាទេ មិនទាន់មានការវិវឌ្ឍណាមួយគួរឱ្យព្រួយបារម្ភឡើយ។

លោក សួស យ៉ារ៉ា តំណាងរាស្ត្ររូបនេះ បានបន្តទៀតថា លោកបានអនុវត្តចត្តាឡីស័កយ៉ាងមុឺងម៉ាត់ដោយមិនដូចការបំផ្លេីសថា លោកបានទៅចូលរួមទិវាបុណ្យឯករាជ្យ​ឬទីណាផ្សេងៗឡេីយ។ លោក សួស យ៉ារ៉ា បានអំពាវនាវដោយកុំយក ជំងឺកូវីដ-១៩ ជាល្បែងនយោបាយឫភូតកុហកឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន។

ក្នុងបណ្តាញទំនាក់ទំនងសង្គមខាងលើ លោក សួស យ៉ារ៉ា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាលដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះលោកក៏បានស្នើដល់ ថ្នាក់ដឹកនាំមន្ត្រីនិងប្រជាជនរួមសាមគ្គីគ្នាអនុវត្តវិធានការក្រសួងសុខាភិបាល ដើម្បីយកឈ្នះព្រឹត្តិការណ៍៣វិច្ឆិកានេះដោយមិនមានការឆ្លងទៅសហគមន៍។

ឆ្លៀតនាឱកាសនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ ការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូត និងមិត្តអន្តរជាតិទាំងឡាយពិសេសស្ថានទូតចិនដែលបានផ្ញេីរសំភារ:សំខាន់ៗសម្រាប់ថែរក្សាសុខភាព និងអរគុណមិត្តនិងញាតិគ្រប់គ្នា ដែលបានផ្តល់សារលេីកទឹកចិត្ត​ដែរ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សួស យ៉ារ៉ាតំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩។

តំណាងរាស្ដ្ររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «មេរោគ​ COVID-19 ជាមេរោគរាតត្បាតសកលសូមកុំយកវាធ្វេីជាល្បែងនយោបាយឫភូតកុហកឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ​ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់ដែលពុំមានលំហគ្រប់គ្រាន់ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត»ដោយ៖ស តារា


ចែករំលែក៖