ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាសហគមន៍ CPA ចំនួន៣ ទទួលការហ្វឹកហ្វឺនផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) ចំនួន៣ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួនទៅលើផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាតពីសំណាក់គ្រូបង្គោលមកពីអង្គការ WWF និងមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានសហការនិងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឲ្យកាន់តែប្រសើរឡើង។

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ខាងលើនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងស្នាក់ការសហគមន៍ CPA អូរថ្លាវ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានសិក្ខាកាមចូលរួមសរុប២១រូប មកពីសហគមន៍ CPA យ៉ូកណាមរ៉ាម, CPA អរបួនលើ និង CPA អូរង្លាវ។ 

សូមបញ្ជាក់ជូនថា វគ្គបណ្ដុះបណ្ដាលខាងលើនេះបានផ្ដល់នូវឱកាសក្នុងភាពជាអ្នកដឹកនាំដល់ក្រុមល្បាតសហគមន៍ ដោយរួមបញ្ចូលនូវលក្ខន្តិកៈរបស់សហគមន៍ CPA, វិធីសាស្ត្រល្បាត និងបោះជំរំ, ការប្រើប្រាស់ឧបករណ៍ GPS, ការកត់ត្រាសៀវភៅ SMART និងការហ្វឹកហាត់កាយសម្បទាជាដើម៕

ដោយ៖សូរិយា


ចែករំលែក៖