ខេត្តរតនគិរី៖ ស្រ្តីឈឺពោះសម្រាលកូនចំនួនពីរនាក់ទៀតហើយដែលត្រូវបាន កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវយករថយន្តសឺរ៉ែនជួយដឹកទៅសម្រាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយប្រកបដោយសុវត្ថិភាព។
ការបញ្ជូនស្រីឈឺពោះសម្រាលកូនទៅមណ្ឌលសុខភាពនោះគឺតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ។
ស្ត្រីឈឺពោះឆ្លងទន្លេទីមួយឈ្មោះសេវ ថ្កា អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយនាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិដធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ស្រ្តីឈឺពោះឆ្លងទន្លេទីពីរឈ្មោះសល់ ព្រិន អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិទេនសុស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ស្ត្រីដែលឈឺពោះឆ្លងទន្លេទីមួយនោះសម្រាលមុន បានកូនប្រុសនៅវេលាម៉ោង ៣៖២០ នាទីរសៀលថ្ងៃដដែលដោយសុវត្ថិភាពជាកូនទី១ឬកូនដំបូង។
ឯស្រ្តីឈឺពោះឆ្លងទន្លេទីពីរនោះក៏សម្រាលបានកូនស្រីម្នាក់នៅវេលាម៉ោង១៧៖២០នាទី ជាកូនទី១ឬកូនដំបូងដូចគ្នាដែរនៅថ្ងៃដដែល។
សូមបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវនេះពីរថ្ងៃជាប់គ្នាហើយដែលមានស្រ្តីពោះសម្រាលកូនហើយត្រូវបានកម្លាំងអធិការស្រុកអូរយ៉ាដាវបានដឹកយកទៅសម្រាលនៅមណ្ឌលសុខភាពហើយសម្រាលបានដោយសុវត្ថិភាពនោះ។
លុះមកដល់វេលាម៉ោង១៥៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានស្ត្រីម្នាក់ទៀតឈ្មោះ សេវ ភិ អាយុ២៥ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានកម្លាំងនគរបាលស្រុកអូរយ៉ាដាវដឹកតាមរថយន្តសឺរ៉ែនយកទៅសម្រាលនៅមណ្ឌលសុខភាពដដែលដែរដោយសម្រាលបានទារកមួយនាក់នៅវេលាម៉ោង១០៖៤៥នាទីយប់ជាកូនទី៥ប្រកបដោយសុវត្ថិភាពផងដែរ៕
ដោយ ៖ ជីវ័ន្ត