កម្លាំងទាហានឥណ្ឌានឹងប៉ាគីស្ថានបានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ បណ្តាលឲ្យពលរដ្ឋ១០នាក់និង ទាហាន៥នាក់របស់ប្រទេសទាំងពីរស្លាប់។
សារព័ត៌មាន AlJazeera បានផ្សាយថា កម្លាំងទាហានឥណ្ឌា នឹងប៉ាគីស្ថានបានបញ្ជាក់ថា ពិតជាមានការបាញ់ប្រហារគ្នានៅព្រំដែនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ប្រាកដមែន ។ក្នុងចំណោមអ្នកស្លាប់ទាំង១៥នាក់ មានពលរដ្ឋឥណ្ឌា៦នាក់និងទាហាន៣នាក់។ ចំណែកភាគីប៉ាគីស្ថានវិញមានពលរដ្ឋ៤នាក់និងទាហាន២នាក់។
ប៉ុន្តែតាមប្រភពព័ត៌មានបានបញ្ជាក់ថា ចំនួនអ្នកស្លាប់និងរបួសនៅប៉ាគីស្ថានគឺមានច្រើនជាងតួលេខដែលបានប្រកាសជាសាធារណៈ។ សារព័ត៌មាន Times of India បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានឥណ្ឌាបានឲ្យដឹងថា មានទាហានប៉ាគីស្ថានដល់ទៅ៨នាក់ស្លាប់នៅក្នុងហេតុការណ៍ខាងលើ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំងទាហានឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង ក្រោយពេលកម្លាំងទាហានឥណ្ឌា ព្យាយាមទប់ស្កាត់ការចូលខុសច្បាប់ ពីទាហានប៉ាគីស្ថាននៅតំបន់ព្រំដែនពិត (LOC) ស្ថិតនៅក្នុងតំបន់ភាគខាងជើងកាស្មៀរ។
ចំណែកភាគីប៉ាគីស្ថានបានបញ្ជាក់ថា កម្លាំងទាហានរបស់ខ្លួនបានតបតការបាញ់ប្រហារពាសវាលពាសកាលពីសំណាក់ទាហានឥណ្ឌានៅព្រំដែនហើយក្រោយមកក៏ប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំដោយមានទាំងកាំភ្លើងធំទៀតផង៕ដោយ៖ធី រីណា