ព័ត៌មានទាន់ហេតុការណ៍៖

FAO ៖ ព្រោះតែវិបត្តិ​ជំងឺ​កូ​វីដ-​១៩ ជម្លោះ និង​កង្វះខាត​ជំនួយ​មនុស្សធម៌ ធ្វើឲ្យបណ្តា​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើតមាន​គ្រោះ​ទុរ្ភិក្ស​

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរបាយការណ៍​វាយតម្លៃ​ថ្មី​មួយ​ដោយ​ទីភ្នាក់ងារ​ស្បៀងអាហារ​និង​កសិកម្ម (FAO) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ប្រទេស​ចំនួន ២០ ជា​កន្លែង​ងាយ​រងគ្រោះ​ខ្លាំង​ពី​កង្វះខាត​ស្បៀងអាហារ​។ មិនតែប៉ុណ្ណោះរបាយការណ៍​ដដែរបាន​ព្រមាន​ថា ប្រទេស​ចំនួន​បួន​នៅ​ក្នុងនោះ​រួមមាន៖ ប្រទេស​បួ​គី​ណា​ហ្វា​សូ​នៅ​តំបន់ Sahel ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក តំបន់​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ប្រទេស​ស៊ូដង់​ខាងត្បូង និង​យេ​ម៉ែន អាច​ធ្លាក់​ចូលក្នុង​គ្រោះ​ទុរ្ភិក្សប្រសិនបើ​ស្ថានភាព​បន្ត​ធ្លាក់ចុះ​ដុនដាប​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។

ដោយសារតែវិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជម្លោះ និង​កង្វះខាត​ជំនួយ​មនុស្សធម៌កំពុងតែ​ជំរុញ​ឲ្យ​មាន​ភាពអត់ឃ្លាន​កាន់តែខ្លាំង​ឡើង​នៅលើ​ពិភពលោកដោយ​បណ្តា​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើតមាន​គ្រោះ​ទុរ្ភិក្ស​។​ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារ​ទទួលបន្ទុក​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ ​។

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​រាយការណ៍​ថាមនុស្ស​ជាង ១០០ លាន​នាក់​នៅលើ​ពិភពលោក កំពុងតែ​រងគ្រោះ​ដោយសារ​កង្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​រួចទៅហើយ​។ កម្មវិធី​នេះ​បាន​ព្រមាន​ថា ចំនួន​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ចំនួន១២១ លាន​នាក់​បន្ថែមទៀត បើ​មិនមាន​ចំណាត់ការ​ជាបន្ទាន់​ណាមួយ​ដើម្បី​ទប់ទល់​នឹង​កំណើន​ភាពអត់ឃ្លាន​នៅលើ​ពិភពលោក​នោះទេ​។​

​បើតាមលោក Luca Russo អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​វិបត្តិ​ស្បៀងអាហារ​នៃ​ទីភ្នាក់ងារ​ទទួលបន្ទុក​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ បាននិយាយថា មិនមាន​ភស្តុតាង​ណាមួយ​បង្ហាញ​ពី​គ្រោះ​ទុរ្ភិក្ស​កើតមាន​នៅឡើយ​ទេ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ទាំងនេះ​។​

​អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​វិបត្តិ​ស្បៀងអាហារ​រូបនេះ ថ្លែងថា​៖«​ជាទូទៅនៅពេលដែល​អ្នក​ប្រកាសថា មាន​គ្រោះ​ទុរ្ភិក្ស វា​តែងតែ​យឺត​ពេល​ទៅហើយដូចដែល​យើង​បាន​សង្កេតឃើញ​កាលពី​អតីតកាល​ជាមួយនឹង​ប្រទេស​សូ​ម៉ាលី​។ នៅពេលដែល​គ្រោះ​ទុរ្ភិក្ស​ត្រូវបាន​ប្រកាសឡើងមនុស្ស​ប្រមាណ ២​សែន​៦​ម៉ឺន​នាក់​បាន​ស្លាប់បាត់​ទៅហើយ​ដោយសារ​គ្រោះ​ទុរ្ភិក្ស​។ ដូច្នេះ​យើង​ចង់បង្ហាញ​សញ្ញា​ព្រមាន​ជាមុន មុនពេល​គ្រោះ​ទុរ្ភិក្ស​កើតឡើង ហើយ​យើង​ក៏​ចង់សង្កត់ធ្ងន់​ពី​កត្តា​ចម្បង​មួយចំនួន​ដែល​ត្រូវ​ការតាមដាន​ផងដែរ​»​។​

​ជាក់ស្តែងរបាយការណ៍​ខាងលើ ​ក៏បាន​លើកឡើង​ពី​ការកើនឡើង​នៃ​អំពើហិង្សា និង​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ អាកាសធាតុ​អាក្រក់និង​កង្វះខាត​ការទទួលបាន​ជំនួយ​មនុស្សធម៌​ផ្សេងៗ ជា​កត្តា​ជំរុញ​ចម្បង​នៅ​ពីក្រោយ​ភាពអត់ឃ្លាន​។ របាយការណ៍​បាន​កត់សម្គាល់ថាកត្តា​ទាំងនេះ​បាន​បង្ក​ឲ្យ​មានការ​កើនឡើង​ច្រើនជាង​មុន​បី​ដង​នៃ​ចំនួន​មនុស្ស​ប្រឈម​នឹង​ភាពអត់ឃ្លាន​ចាប់តាំងពី​ឆ្នាំ ២០១៩​មក នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​។ ហើយ​កត្តា​ទាំងនេះ​ក៏​ស្ថិតនៅ​ពីក្រោយ​បញ្ហា​អសន្តិសុខ​ស្បៀងអាហារ និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​កម្រិត​ខ្ពស់​ក្នុងចំណោម​កុមារ​នៅ​ប្រទេស​យេ​ម៉ែន​ផងដែរ​។​

​ចំពោះបញ្ហា​អសន្តិសុខ​ស្បៀង​និង​បញ្ហា​ភាពអត់ឃ្លាន​កំពុងតែ​កើនឡើង​នៅ​រដ្ឋ Borno ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ទី​ដែល​ក្រុម​សកម្មប្រយុទ្ធBoko Haram នៅតែ​ជា​កម្លាំង​ប្រយុទ្ធ​ប្រកបដោយ​គ្រោះថ្នាក់​មួយ​។​ នេះបើតាមការលើកឡើងរបស់លោក Russo បាន​ប្រាប់VOAផងដែរ ។

​ជាមួយគ្នានេះលោក Russo មានប្រសាសន៍ថា​៖«​ទាំងនេះ​ជា​កន្លែង​ដែល​នាពេល​បច្ចុប្បន្ន​មិនមាន​លទ្ធភាព​ទទួលបាន​ជំនួយ​មនុស្សធម៌​។ដូច្នេះមានន័យថា ប្រជាជន​ត្រូវ​ពឹង​អាស្រ័យ​លើ​ខ្លួនឯង​នៅក្នុង​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​នេះ​ជា​អ្វីដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​។នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង យើង​និយាយ​អំពី​រដ្ឋ Jonglei​។ នៅ​ទីនោះមានលទ្ធភាព​អាច​ផ្តល់នូវ​ជំនួយ​មនុស្សធម៌​បានប៉ុន្តែ​មាន​ករណី​គ្រោះទឹកជំនន់ ជម្លោះ​ជាដើម​។​ល​។ ប្រជាជន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​»​។​

​គួរបញ្ជាក់ថា ទីភ្នាក់ងារ​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ បាន​សង្កត់ធ្ងន់ថា ពិភពលោក​កំពុងស្ថិត​នៅលើ​ចំណុច​ប្រឈម​នឹង​គ្រោះមហន្តរាយ​មួយ​។ បើសិន​បើ​មិនមាន​ចំណាត់ការ​ណាមួយ​ធ្វើឡើង​នាពេល​ឥឡូវនេះ ពួកគេ​ព្រមាន​ថា ពិភពលោក​អាច​ប្រឈម​នឹង​ការផ្ទុះ​ឡើង​នៃ​គ្រោះ​ទុរ្ភិក្ស​ជា​លើកដំបូង ចាប់តាំងពី​ពេលដែល​គ្រោះ​ទុរ្ភិក្ស​ចុងក្រោយបង្អស់​ត្រូវបាន​ប្រកាស​ឡើង​កាលពី​ឆ្នាំ ២០១៧ នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង​។ គ្រោះ​ទុរ្ភិក្ស​បាន​ប៉ះពាល់​ដល់​មនុស្ស​ចំនួន ៥,៥​លាន​នាក់ហើយ​បានធ្វើ​ឲ្យ​កុមារ​ជាង​ពីរ​សែន​នាក់​រងគ្រោះ​ដោយសារ​កង្វះខាត​អាហារ​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ ដែល​ប្រឈម​នឹង​ការបាត់​បង់ជីវិត​៕ដោយ៖ស តារា


ចែករំលែក៖