ខេត្តសៀមរាប៖ ប្តីប្រពន្ធមួយគូ បានធ្វើទារុណកម្មលើកូនចិញ្ចឹមរបស់ខ្លួនដែលមានអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ រហូតដល់ស្លាប់ រួចប្រាប់សមត្ថកិច្ចថាពុលដំឡូងមីស្លាប់ ក្រោយមកកម្លាំងកងរាជអាវុធហត្ថ ស្រុកស្វាយលើ ចុះមកឃាត់ខ្លួនសួរនាំទើបដឹងថាជាករណីឃាតកម្ម ។
បើតាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថ ស្រុកស្វាយលើ បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងជំនាញបានទទួលដំណឹងថា មានករណី ក្មេងប្រុសម្នាក់ឈ្មោះ ផល សុភាន់ អាយុ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹម របស់ឈ្មោះ ហាប់ ផល ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរយោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបបានពុលដំឡូងមីស្លាប់។
បន្ទាប់មក កម្លាំងមូលដ្ឋានស្រុកស្វាយលើ ក៏បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីស្តាប់ចម្លើយសាក្សី ជុំវិញការស្លាប់ របស់ក្មេងប្រុសខាងលើនេះជាក់ស្តែង។ ក្រោយស្តាប់សម្តីសាក្សី ហើយសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ការស្លាប់របស់ក្មេងប្រុសខាងលើ គឺមិនមែនបណ្តាលមកពី ការពុលដំឡូងមីនោះទេ។
ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយកម្លាំងជំនាញធ្វើការសាកសួរ ទើបជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធខាងលើ បានសារភាពថា ពួកគេពិតជាបាន វាយធ្វើបាបទៅលើ កូនចិញ្ចឹមឈ្មោះផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន ។
គួរបញ្ជាក់ថា ចំពោះចម្លើយ ដែលពួកគេនិយាយប្រាប់ឪពុកជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ ដោយសារពុលដំឡូងមី គឺមិនពិតនោះទេ គឺជនរងគ្រោះស្លាប់ ដោយសារការប្រើអំពើហិង្សា និងអំពើទារុណកម្ម ទើបបណ្តាលឲ្យ ជនរងគ្រោះស្លាប់បាត់បង់ជីវិតបែបនេះ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី