ខេត្តកំពង់ឆ្នាំង ៖ ក្រុមឆក់ត្រីប្រើឧបករណ៍ឆក់ត្រីត្រជាក់២នាក់ដែលមានជនជាតិខ្មែរម្នាក់និងវៀតណាមម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្នាក់ការ B04 ឆ្មក់ចូលចាប់បានពេលធ្វើសកម្មភាពចូលលួចឆក់ត្រីក្នុងបឹងឈូកមួយកន្លែង។ ហេតុការណ៍ឃាត់ខ្លួន ជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបឹងឈូក ក្រោយវត្តយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោក អនុសេនីយទោ មាស ហឿននាយស្នាក់ការកងរាជអាវុធហត្ថ B04 បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះម្នាក់ឈ្មោះ យ៉ាំង យៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម និង ម្នាក់ទៀត ឈ្មោះ ដួង វឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិឃុំខាងលើ ។
លោកនាយស្នាក់ការបានឲ្យដឹងថា នៅចំណុចខាងលើនេះ គឺសម្បូរទៅដោយក្រុមជនខិលខូច ចូលមកលួចធ្វើសកម្មភាពបទល្មើសនេសាទជារឿយៗ ហើយនៅថ្ងៃនេះ កម្លាំងស្នាក់ការសហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានផ្តល់ព័ត៌ពីសកម្មភាពក្រុមឆក់ត្រីបាន ធ្វើសកម្មភាពឆក់ត្រីនៅតំបន់ខាងលើក៏ឆ្មក់ចាប់បានតែម្តង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន ទូកបាឡាស្មាច់២គ្រឿង ឧបករណ៍ឆក់ត្រី(ត្រជាក់)ចំនួនមួយនិង អាគុយ៥០អំពែរចំនួនមួយគ្រឿង។ បច្ចុប្បន្នទូកបាឡាស្មាច់ត្រូវបានរក្សាទុកនៅស្នាក់ការសន្តិសុខ B04 ។ ចំណែកជនសង្ស័យ និងឧបករណ៍ឆក់ត្រីបញ្ចូនទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ចន្ថា