ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះក្រសួងត្រូវផ្អាកការពិព័រណ៍តាំងបង្ហាញផលិតផលខ្មែររដូវកាលទី៥ នៅខេត្តសៀមរាប និងខេត្តព្រះវិហារ បណ្ដោះអាសន្នសិន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មក៏បានប្រកាសលើកពេលរៀបចំពិព័រណ៍ផលិតផលនេះ ទៅពេលក្រោយជំងឺកូវីដ-១៩ មានសភាពថមថយសិន មុននឹងក្រសួងចេញការសម្រេចរៀបចំការតាំងបង្ហាញផលិតផលជាថ្មី។
ជាក់ស្តែង នៅក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការរៀបចំពិព័រណ៍នៅខេត្តសៀមរាប នឹងចាប់ពីថ្ងៃទី ២១ ដល់២៤ ខែវិច្ចិកា និងនៅខេត្តព្រះវិហារ ថ្ងៃទី២៣ដល់២៦ខែ វិច្ចិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ-១៩ បន្តគំរាមកំហែងនោះ ទើបក្រសួងសម្រេចផ្អាកជាបណ្ដោះអាសន្នសិន។
សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន៣០២នាក់ ក្នុងនោះជាសះស្បើយចំនួន២៨៩ ខណៈអ្នកជំងឺ១៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកមនុស្សជាង១ពាន់នាក់កំពុងធ្វើចត្តាឡីស័កខ្លួនឯង។ ខណៈពួកគេទាំងនោះ ជាអ្នកប្រាស្រ័យនឹងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា។លោក Peter Szijjarto ត្រូវបានគេរកឃើញមានកូវីដ-១៩ នៅប្រទេសថៃ ក្រោយចប់ទស្សនកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា ជុំវិញព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអំពាវនាវឱ្យមន្ត្រី ក៏ដូចជាអ្នកពាក់ព័ន្ធបន្តការធ្វើចត្តាឡីស័ក បន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ ដើម្បីបង្ការហានិភ័យ និងឆ្លងចូលសហគមន៍៕ដោយ៖ស តារា