ខេត្តស្ទឹងត្រែង៖ ក្មេងស្រី ២នាក់នាំលេងទឹកស្រះក្រោយផ្ទះ មិនប្រយ័ត្នបណ្ដាលឱ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤៖១០នាទីរសៀល ស្ថិតនៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយប្រមាណ៣០ម៉ែត្រ ទំហំ១០x២០ និងមានជម្រៅប្រមាណ ០៣ម៉ែត្រ ស្ថិតក្នុងភូមិអូស្វាយ.ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
បើតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំអូរស្វាយ មុនពេលកើតហេតុក្មេងស្រី ២នាក់បាននាំគ្នាទៅលេងទឹកស្រះក្រោយផ្ទះ ដោយឪពុកម្ដាយទាំងពីរមិនបានដឹងនិងចាប់អារម្មណ៍ ទើបបណ្ដាលឱ្យក្មេងស្រីទាំងពីរនាក់ រអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ ទើបមានការភ្ញាក់ផ្អើលឆោរឡោ។ ដោយសារបាត់កូន មិនដឹងទៅណាទើបមានការសង្ស័យទៅរកមើលនៅស្រះទឹកក្រោយផ្ទះ ក៏ប្រទះឃើញក្មេងស្រីទាំងពីរនាក់ កំពង់លង់ទឹកក្នុងស្រះ ខណ:ពេលនោះឪពុកម្តាយស្លន់ស្លោរ ក៏ស្ទុះទៅស្រង់ឡើងគោកជួយសង្គ្រោះភ្លាមៗ តែមិនអាចជួយសង្គ្រោះបានទាំងពីរនាក់ឡើយ ធ្វើឲ្យស្លាប់ម្នាក់និងសង្គ្រោះបានម្នាក់។
បើតាមរបាយការណ៍នគរបាលប៉ុស្តិ៍អូស្វាយបានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះទី១.ឈ្មោះ ធន់ ស្រីណា ភេទស្រី អាយុ ០២ឆ្នាំ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងរួចផុតពីក្តីស្លាប់និងក្មេងស្រីទី២.ឈ្មោះស៊ុំ លីដា ភេទស្រី អាយុ ០៣ឆ្នាំ លង់ទឹកបណ្ដាលឲ្យស្លាប់ មិនអាចសង្គ្រោះបាន។ របាយការណ៍បញ្ជាក់ថា: ជនរងគ្រោះទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ក្រោយធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីរងគ្រោះទាំងពីរ ពិតជាលង់ទឹកដោយខ្លួនឯង ពុំមានមូលហេតុផ្សេងឡើយ។ ចំណែកក្មេងស្រីដែលស្លាប់នោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
គួររំលឹកថា: ឪពុកម្ដាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ទៅលើកូនៗតូចៗ ជាពិសេសអ្នកដែលមានស្រះទឹកនៅក្បែរផ្ទះ គួរតែប្រុងប្រយ័ត្នខ្ពស់ ត្រូវធ្វើរបងហ៊ុំព័ទ្ធការពារ បើមិនចាំបាច់គួរតែលុបបំបាត់ចោល ឬគួរកុំឲ្យមានស្រះទឹកនៅក្បែរផ្ទះ វាអាចមានហានិភ័យនិងបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗ ដែលពុំចេះគិតជាពិសេសកូនៗជាទីស្រឡាញ់ពេលគ្រោះថ្នាក់ ឬបាត់បង់វាធ្វើឲ្យឪពុកម្ដាយសាច់ញាតិមានវិប្បដិសារី ដូចករណីក្មេងស្រីពីរនាក់ខាងលើ ៕ដោយ៖មាស សុផាត