ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿង បងថ្លៃនិងប្អូនថ្លៃ

ចែករំលែក៖

មាន​មនុស្ស​ពីរ​នាក់​ជា​បង​ថ្លៃ ប្អូន​ថ្លៃ​នឹង​គ្នា បង​ថ្លៃ​ជា​អ្នក​ក្រ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ ថ្ងៃ​មួយ​ឪពុក​ក្មេក មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន កូន​ចៅ​ឲ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់ ប្អូន​ថ្លៃ​នោះ​បាន​មក​ជួប​នឹង​បង បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក, បង​ថ្លៃ​និយាយ​ប្រាប់​តាម​ត្រង់​ថា «មិន​ហ៊ាន​ទៅ​ស៊ី​ទេ« ព្រោះ​ខ្លួន​ជា​អ្នក​ក្រ មិន​ធ្លាប់​ស៊ី​ម្ហូប​ចំណី​ល្អ ក្រែង​មិន​ត្រូវ​បែប​ទេ ខ្មាស​គេ ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​សប្បុរស​នឹង​បង ក៏​ប្រាប់​ទៅ​វិញ​ថា « មិន​អី​ទេ ទៅ​ពីរ​នាក់​ចុះ បើ​មិន​ដឹង ឲ្យ​តែ​ធ្វើ​តាម​ខ្ញុំ​ៗ​ស៊ី​អី ស៊ី​ហ្នឹង​ទៅ មិន​ក្រ​ប៉ុន្មាន​ទេ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ » ។ បង​ក៏​ព្រម​ទៅ, លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ ដល់​គេ​លើក​សម្ល​ខ្ចៅ​មក ប្អូន​ក៏​យក​ចង្កឹះ​ចាប់​មួយ​មក​ពម រួច​ជញ្ជក់​អស់ ខ្ជាក់​សំបក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។

ឯ​បង​នោះ​មិន​ដឹង ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សំបក​ខ្ចៅ​នោះ​ទាល់​តែ​ល្អិត ខំ​លេប​ទៅ ។ ប្អូន​ឃើញ​ដូច្នេះ ក៏​លែង​ស៊ី​ខ្ចៅ​នោះ​ទៅ​ចាប់​យក​ឯ​អំពៅ ដែល​គេ​ឡៅ​ទុក​នៅ​ចាន​នោះ​មក​ស៊ី ៗ រួច​គេ​យក​កន្សែង​ខ្ចប់​ដាក់ ហើយ​ចោល​ទៅ​ទៀត ។ បង​ឃើញ​គេ​ស៊ី​អំពៅ ក៏​យក​អំពៅ​នោះ មក​ស៊ី​នឹង​គេ​ទៀត ខំ​ទំពា​អំពៅ​ទាល់​តែ​ល្អិត​កាក លេប​ទៅ​ទៀត, ប្អូន​លែង​ស៊ី​អំពៅ វា​ទៅ​ស៊ី​សម្ល​មីសួ​ទៀត ទើប​តែ​នឹង​ពម​ចូល​ក្នុង​មាត់ នឹក​ឃើញ​បង​ស៊ី​អំពៅ​ទាំង​កាក​នោះ ហើយ​អស់​សំណើច​ទប់​មិន​ឈ្នះ ក៏​ចេញ​សំឡេង​មក​ឮ​តែ​ឃឹក ។ ដោយ​ហេតុ​ខ្យល់​ទប់​ឃឹក​នោះ​ មីសួ​វា​ស្ទុះ​ឡើង​ទៅ​ចូល​ឯ​រន្ធ​ច្រមុះ​ទាំង​ពីរ ចេញ​មីសួ​នោះ​មក​ក្រៅ​ដោយ​អំណាច​ខ្យល់ ។ បង​ថ្លៃ​ឃើញ​ដូច្នោះ ក៏​ចោល​ចង្កើះ​ទៅ​ក្នុង​ថាស​ថា « ទេ ! លែង​ស៊ី​ហើយ ស៊ី​ឯ​ទៀត​ធ្វើ​តាម សូម្បី​ខ្ចៅ​និង​អំពៅ​ទាំង​សំបក ទាំង​កាក ក៏​ស៊ី​បាន​ទាំងអស់ ដល់​មីសួ ខ្លុះ​នឹង​ច្រមុះ​ដូច្នេះ​ធ្វើ​តាម​មិន​បាន​ទេ ប្អូន​ឯង​ស៊ី​តែ​ឯង​ចុះ បង​លែង​ស៊ី​ហើយ ស៊ី​ទៅ​ទៀត​មិន​កើត​ទេ » ។

(ពុត​គ្រូ​កុំ​ត្រាប់​ ច្បាប់គ្រូឲ្យយក)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖