ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ ប្រកាសផ្ដន្ទាទោស អតីតប្រធានសុរិយោដីខេត្តព្រះសីហនុ ដាក់ពន្ធនាគារ៧ឆ្នាំ រហូតដល់អង្គុយសម្រក់ទឹកភ្នែក…យល់ច្បាស់ពីអំពើពុករលួយរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ គឺ លោក នួន ប៉ុក ដែលជាជនជាប់ចោទ នៃអំពើពុករលួយបាន អង្គុយសម្រក់ទឹកភ្នែកខ្សឹបខ្សួលនៅពីមុខបន្ទបសវនាការ ក្រោយពី ស្តាប់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម សម្រេច ឲ្យជាប់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ទុកជាសម្បត្តិរដ្ឋ ។

សូមបញ្ជាក់ថា៖ ការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានធ្វើឡើង នារសៀលថ្ងៃទី ១៧វិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ ក្រោមការចោទប្រកាន់ពីបទ « បំពានធនធានធម្មជាតិ បទរំលោភអំណាច និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ » សវនការនោះ ក៏មាន វត្តមានជនជាប់ចោទ ចូលរួមផងដែរ ។

សូមរំឮកថា៖ អង្គភាពប្រឆាំងអំពើពុករលួយដែលហៅកាត់ថា (ACU) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនសំណុំរឿងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ចាត់ការការតាមនីតិវិធី ក្នុងបទចោទប្រកាន់ រំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។ សំណុំរឿងរបស់អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ដែលជាក្រុមប្រឹក្សាជាតិក្នុងការប្រយុទ្ធ ប្រឆាំងអំពើរពុករលួយនៅកម្ពុជា ដើម្បីនាំជនដែលប្រព្រឹត្តអំពើពុករលួយ ទៅឲ្យទទួលខុស-ត្រូវ ចំពោះមុខច្បាប់ជាធរមាន។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។
លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
ការផ្តន្ទាទោសខាងលើ បង្ហាញឱ្យឃើញថា៖ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវប្រឈមតាមផ្លូវតុលាការ ខណៈប្រទេសកម្ពុជាគ្រប់គ្រងដោយច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖