ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងគោលែងចោលអនាធិបតេយ្យដើរតាមផ្លូវនៅក្រុងប៉ោយប៉ែតសមត្ថកិច្ចគួរចាត់វិធានការទៅលើម្ចាស់តាមផ្លូវច្បាប់ហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានរិះគន់ថា ហ្វូងគោបានដើរប្រសេចប្រសាចលើផ្លូវជាតិលេខ៥ និងតាមដងផ្លូវនានាក្នុងក្រុងប៉ោយប៉ែត បង្កការលំបាកដល់អ្នកធ្វើដំណើរកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, ជុះអាចម៍លើផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភណភាពនិងសណ្ដាប់ធ្នាប់យូរឆ្នាំមកហើយ តែសមត្ថកិច្ចនៅមិនទាន់មានវិធាន
ការលើម្ចាស់គោណាម្នាក់ឲ្យសមស្របតាមផ្លូវច្បាប់នោះទេ។
ពលរដ្ឋបន្តរិះគន់ថា ហ្វូងគោទាំងនោះមិនមែនលែងចោលតែពេលថ្ងៃនោះទេ គឺទាំងថ្ងៃទាំងយប់ ជូនកាលដើរចូលក្នុងផ្សារស៊ីបន្លែផ្លែឈើ បើសិនជាអ្នកលក់កំពុងជាប់រវល់មិនបានមើលទេនោះគឺច្បាស់ជាហិនហោចអស់ហើយ។ មិនតែប៉ុណ្ណោះបើនៅតាមគេហដ្ឋានដែលមានពាងទឹកតាមមុខផ្ទះហើយមិនបានគ្របត្រឹមត្រូវនោះវិញប្រាកដជាត្រូវសត្វគោយកមាត់ជ្រលក់គ្រប់ពាងគ្រប់ផ្ទះជាមិនខាន។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ហ្វូងគោទាំងនេះធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ធ្វើឲ្យអ្នកធ្វើដំណើរធុញថប់ខ្លាំងណាស់ ដែល គួរតែអាជ្ញាធរដែនដី និងសមត្ថកិច្ចចាត់វិធានការចំពោះអ្នកដែលចិញ្ចឹមគោ កុំឲ្យមានការលែងអនាធិបតេយ្យក្នុងទីប្រជុំជនបែបនេះទៀត ហើយត្រូវធ្វើការផាកពិន័យឲ្យបានធ្ងន់ធ្ងរផងដែរដើម្បីឲ្យមានការរាងចាល។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ចំពោះបញ្ហាហ្វូងគោដើរប្រសេចប្រសាចទាំងថ្ងៃទាំងយប់នេះ លោកនឹងប្រគល់តួនាទីនេះឲ្យសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងចាត់ការ ដើម្បីឲ្យម្ចាស់គោទទួលខុសត្រូវលើសត្វចិញ្ចឹមរបស់ខ្លួន។
គួរជម្រាបជូនថា កន្លងមកក៏មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយហ្វូងគោទាំងនេះផងដែរ ធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិរថយន្ត ម៉ូតូ និងធ្វើឲ្យអ្នកដំណើររងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក៏មានដែរ៕ដោយ៖វណ្ណា


ចែករំលែក៖