ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ច ប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូច ខាងក្រោម ៖
១- អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖
១.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការ ទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
១.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
– ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ
– ពិធីសារទី៤ ស្តីពីសិទ្ធិ ហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
១.៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យា ទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
១.៤- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
១.៥- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ
មិនមែនធនាគារ។
១.៦- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
១.៧- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៩។
សូមអាននូវខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា