ខេត្តកណ្តាល៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤គ្រួសារ រស់នៅក្នុងភូមិចំនួន៤ ឃុំ/សង្កាត់ចំនួន៤ នៃស្រុកល្វាឯម និងក្រុងតាខ្មៅ ខេត្តកណ្តាល។
ឆ្លងកាត់វគ្គផ្សព្វផ្សាយកន្លងមក និងតាមរយៈការចុះផ្ទាល់ដល់គេហដ្ឋាន យេីងសង្កេតឃេីញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងអាចអនុវត្តបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអាចទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។ ទន្ទឹមនឹងនេះ ពួកគាត់បានបង្ហាញពីជីវិតតស៊ូក្នុងការរស់នៅជាមួយមេរោគអេដស៍ ជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ការថែទាំសុខភាព អនាម័យ និងធ្វើលំហាត់ប្រាណទៀងទាត់ ដែលជួយពួកគាត់ឱ្យទប់ស្កាត់បានជំងឺឱកាសនិយមនានា និងមានសុខភាពល្អមាំមួនដូចមនុស្សដទៃទៀតដែរ ព្រមជាមួយនឹងការប្តេជ្ញាចិត្តមិនចម្លងមេរោគអេដស៍ទៅអ្នកដទៃ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអាចធ្វេីឱ្យពួកគាត់ប្រកបរបរចិញ្ចឹមជីវិត រស់នៅស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិដែលមានសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រេីនគ្រប់វិស័យ។
ដេីម្បីជួយលេីកកម្ពស់សុខភាពអនាម័យរបស់បងប្អូនប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវអំណោយរួមមាន ៖ សាប៊ូ ២ដុំ, កន្សែងពោះគោ ២, ច្រាសដុសធ្មេញ ២ដេីម, សាប៊ូកក់សក់ ១ដប, ជែលសម្អាតដៃចំណុះ២៥០មីលីលីត្រ ២ដប, ម៉ាស់ ១ប្រអប់ និងថវិកា ៥០.០០០រៀល៕
ដោយ៖ សុខ ខេមរា