ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនក្នុងករណីលួចម៉ូតូ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងការាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា៖ ជនសង្ស័យ១នាក់ ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ចយ សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់រថយន្តអូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា កាលពីថ្ងៃទី១៧-១១-២០២០ វេលាម៉ោង៥ និង៥០នាទី ជនសង្ស័យបានដើរមកចំណុចកើតហេតុខាងលើហើយបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-3867 រួចហើយគេចខ្លួនបាត់ទៅ។ ក្រោយពីទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញប៉ុស្តិ៍បានធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖