ព័ត៌មានទាន់ហេតុការណ៍៖

សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ

ចែករំលែក៖

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីខែមីនាដើមឆ្នាំនេះ វិទ្យាស្ថានស្តង់ដារ និងបច្ចេកវិទ្យាជាតិរបស់សហរដ្ឋអាមេរិកត្រូវបានចាត់តាំងឱ្យរៀបចំគោលការណ៍ស្តង់ដារសម្រាប់ឧបករណ៍បច្ចេកវិទ្យា (Internet-of-Things devices) មុននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងស្ថាប័នរបស់ជាតិ។ គោលការណ៍នេះត្រូវបានរៀបចំឡើងដើម្បីការពារសុវត្ថិភាពចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលពេលនេះប្រទេសធំៗជុំវិញពិភពលោកជាច្រើនកំពុងតែមានការព្រួយបារម្ភដោយសារតែឧបករណ៍ទាំងនេះពុំមានស្តង់ដារច្បាស់លាស់ក្នុងការប្រើប្រាស់។

នៅក្នុងច្បាប់ថ្មីនេះទាមទារឱ្យស្ថាប័នរដ្ឋាភិបាល ទិញតែឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនណាដែលបានអនុវត្តទៅតាមស្តង់ដារថ្មីនេះ ដោយតម្រូវឱ្យមានការត្រួតពិនិត្យទៅលើផ្នែកផ្សេងៗរបស់ឧបករណ៍មានដូចជា កូដរបស់កម្មវិធី ការគ្រប់គ្រងលេខសម្គាល់ និងការគ្រប់គ្រងក្នុងពេលដែលត្រូវធ្វើបច្ចុប្បន្នភាព។ ជាងនេះទៅទៀតច្បាប់នេះក៏បានទាមទារឱ្យមានសេចក្ដីរាយការណ៍ជាលម្អិតទាក់ទងទៅនឹងភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព និងដំណោះស្រាយចំពោះបញ្ហានេះផងដែរ។

ទោះបីជាច្បាប់នេះត្រូវបានក្រុមអ្នកបច្ចេកវិទ្យាចាត់ទុកថាគឺជាជំហានដ៏ល្អមួយ ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ប៉ុន្តែវានៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយសារតែការអនុវត្តច្បាប់នេះគឺមានតែសម្រាប់ស្ថាប័នរដ្ឋាភិបាលសិនតែប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនជាច្រើននឹងនៅតែបន្តផលិតឧបករណ៍បច្ចេកវិទ្យាដែលពុំមានសុវត្ថិភាពដើម្បីរក្សាតម្លៃឱ្យបានទាបក្នុងការទាក់ទាញអតិថិជន៕

ដោយ៖ សិលា


ចែករំលែក៖