ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងកញ្ញាប៊ី សុធារី ម្ចាស់ម្កុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ផ្តើមចេញបង្ហាញមុខក្នុងការជាតារាសម្តែងហើយ។ ផ្តើមអាជីពជាតារាសម្តែងភ្លាមនាងទទួលបានតំណែងជាតួអង្គកាចឆ្នាស់ឆ្នើមភ្លែតក្នុងភាពយន្តភាគខ្ទង់ចំណាយធំមួយរបស់ទូរទស្សន៍។
ប៊ី សុធារី ធ្លាប់បានក្លាយជាស្ត្រីខ្មែរដំបូងគេបង្អស់ដែលបានបង្ហាញវត្តមានក្នុងកម្មវីធីកញ្ញាឯកចក្រវាឡពិភពលោក។
មានវ័យ២២ឆ្នាំ នាងធ្លាប់បានបង្ហាញមោទកភាពនៅលើឆាកអន្តរជាតិកាលពីអំឡុងឆ្នាំ ២០១៧ ដោយនាង បានធ្វើឲ្យគេស្គាល់ពីសមត្ថភាពកញ្ញាឯកពីកម្ពុជាក្នុងកម្មវីធីMiss Universe 2017 ដែលត្រូវបានរៀបចំធ្វើឡើងនៅសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៧។ នាងក៏ធ្លាប់ទទួលពានពាន Model Star Award សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩ក្នុងកម្មវិធី Asia Model Festival ដែលត្រូវបានធ្វើនៅប្រទេសកូរ៉េផងដែរ។
ស្រាប់តែពេលនេះនាងហក់ចូលអាជីពសម្តែងជាផ្លូវការហើយ។ ទោះជាយ៉ាងណាតារាស្រីរូបនេះមិនបានបញ្ជាក់អំពីចំណងជើងនៃភាពយន្តភាគដែលនាងសម្តែងឡើយ ប៉ុន្តែតាមការទម្លាយរបស់សិល្បករម្នាក់លើកឡើងថាភាពយន្តនេះជាការដឹកនាំសម្តែងរបស់លោក កៅ សីហា មានចំណងជើងថា “ឫស្យា” ដែលជាភាពយន្តឆ្លុះបញ្ចាំងពីទិដ្ឋភាពនាសម័យអាណានិគមនិយមបារាំង ហើយនឹងធ្វើការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសក្នុងពេលដ៏ខ្លីខាងមុខ។ ភាពយន្តនេះត្រូវបានគេទម្លាយដែរថាមានការចូលរួមសម្តែងពីអ្នកនាង សឿ សុធារ៉ា អ្នកនាង សឿន ផានផាភួង កញ្ញា ឈូឈូ និងកញ្ញា ប៊ី សុធារីជាដើម។
សុធារី បញ្ជាក់ថា ក្រោយពីចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនគ្រប់គ្រងកញ្ញាឯកមកនាងចាប់ផ្តើមទទួលការងារខាងក្រៅមួយចំនួន ទាំងសម្តែង បង្ហាញម៉ូត ក្នុងនាមជាតារាឯករាជ។
មិនស្ថិតក្នុងតំណែងតួឯកប៉ុន្តែក្នុងភាពយន្តនេះផលិតករបានជ្រើសរើសនាងឲ្យត្រូវនឹងទឹកមុខ និងសាច់រឿងជាតួកាចឆ្នាស់ឆ្នើមនោះពិសេសលើភ្នែកដ៏មុតស្រួចរបស់នាង។ នាងបន្តថា ដើមឡើយនាងនៅមិនប្រាកដអំពីការសម្តែងឡើយ ប៉ុន្តែក្រោយពីបានសាកល្បង ការហ្វឹកហាត់បន្ថែម និងការជំរុញលើកទឹកចិត្តពន្យល់ពីផលិតករ នោះនាងអាចសម្រេចបានការងារនេះយ៉ាងល្អប្រសើរ។ ក្រៅពីការងារសម្តែងនិងបង្ហាញម៉ូតនាងក៏មានគម្រោងសិល្បៈមួយចំនួនទៀត ពិសេសលើការលេចមុខជាថ្មីក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់លំដាប់ពិភពលោកមួយដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕ដោយ៖វឌ្ឍនា