សហគមន៍អឺរ៉ុបបានចំណាយប្រាក់រហូតដល់ទៅ១០ពាន់លានដុល្លារ ទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer របស់អាមេរិក និងCureVac របស់អាល្លឺម៉ង់សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសជាសមាជិកទាំង២៧ប្រទេស ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសហគមន៍អឺរ៉ុបមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សហគមន៍អឺរ៉ុបបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរខាងលើ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រាប់រយលានដូសសម្រាប់ប្រទេសជាសមាជិក ។
មន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះនោះបានឲ្យដឹងទៀតថា អឺរ៉ុប បានសម្រេចចំណាយប្រាក់ទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើក្នុងតម្លៃ១៨,៣៤ដុល្លារក្នុងមួយដូស។ បើអឺរ៉ុបទិញវ៉ាក់សាំង២០០លានដូសពីក្រុមហ៊ុន Pfizer-BioNTech មានតម្លៃ៣,៧ ពាន់លានដុល្លារ ហើយបើចង់ទិញបន្ថែម១០០លានដូសទៀត គឺអឺរ៉ុបត្រូវចំណាយប្រាក់សរុប ៥,៥ ពាន់លានដុល្លារ។
កាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្រុមហ៊ុន Pfizer បានប្រកាសថា វ៉ាក់សាំងBNT162b2 ទទួលបានជោគជ័យ ដោយមានប្រសិទ្ធភាពដល់ទៅ៩៥ភាគរយ ដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ។
កាលពីខែកក្កដា ក្រុមហ៊ុនPfize បានព្រមព្រៀងផ្គត់ផ្គង់ដល់រដ្ឋាភិបាលអាមេរិកនូវវ៉ាក់សាំង BNT162b2 ចំនួន១០០លានដូស ក្នុងតម្លៃ៣៩ដុល្លារក្នុងមួយដូស ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនផលិតឱសថខាងលើនឹងផ្គត់ផ្គង់ដល់សហគមន៍អឺរ៉ុបនៅចុងខែមីនាឆ្នាំ២០២១៕
ដោយ៖ធី រីណា