ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល ដឹកនាំប្រទេសជំនួសនាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហ៊ូ

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោកBenny Gantz នៅថ្ងៃទី​២០ ខែវិច្ឆិកា បានទទួលភារកិច្ច​ដឹកនាំប្រទេសជំនួសនាយករដ្ឋមន្ត្រី​ Benjamin Netanyahu ​ដែលត្រូវចាក់ថ្នាំសន្លប់ក្នុងការត្រួតពិនិត្យ សុខាភិបាល ។
យោងតាមសេចក្តីប្រកាស​ពីការិយាល័យ​នាយករដ្ឋមន្ត្រីអុីស្រាអែលបានឲ្យដឹងថា «នាយករដ្ឋមន្ត្រី​ ណេតាន់ យ៉ាហ៊ូ នៅថ្ងៃទី​២០ ខែវិច្ឆិកា ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព​ជាប្រចាំ​ដែលបានកំណត់ពេលវេលា​ជាយូរណាស់មកហើយ​។ ការត្រួតពិនិត្យសុខភាព​​ដោយបានចាក់ថ្នាំសន្លប់​។ រដ្ឋមន្ត្រីការពារជាតិ​Benny Gantz ដឹកនាំប្រទេសជំនួសនាយករដ្ឋមន្ត្រី»។
រដ្ឋមន្ត្រីការពារជាតិ ​លោកBenny Gantz ក៏ជាអនាគតនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសនេះ​​តាមកិច្ចព្រមព្រៀងក្នុងសម្ពន្ធមិត្ត​ កាន់អំណាចកាលពីដើមឆ្នាំ​​ដើម្បីបញ្ចប់ចន្លោះប្រហោងនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើក​។ ក្នុងរយៈពេល​១ឆ្នាំ​មាន​ការបោះឆ្នោតដល់ទៅ​៣លើក នៅទីបំផុតបានបង្កើតរដ្ឋាភិបាលចម្រុះ។
តាមកិច្ចព្រមព្រៀង នាយករដ្ឋមន្ត្រីអុីស្រាអែលនឹងត្រូវផ្លាស់ប្តូរវេនគ្នាដឹកនាំ ដោយពាក់កណ្តាលអាណត្តិដំបូង លោកណេតាន់ យ៉ាហ៊ូជាអ្នកដឹកនាំ ហើយពាក់កណ្តាលអាណត្តិចុងក្រោយ លោកBenny Gantz នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីវិញ​។ ការប្តូរវេនត្រូវបានធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ​២០២១៕

ដោយ៖ធី រីណា


ចែករំលែក៖