ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃស្ងប់ស្ងាត់បំផុតរបស់លោកត្រាំ​ ចាប់តាំងពីការបោះឆ្នោត​មកទល់ពេលនេះ​

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដែលគេស្គាល់ថា ជាបុគ្គល​មានចរិតឆេវឆាវ​មិនអាចនៅស្ងៀមនោះ នៅពេលនេះ​លោកត្រាំ​បែរជារក្សាភាពស្ងប់ស្ងាត់​ មិនធ្លាប់មានពីមុនមក ដោយមិនឆ្លើយរាល់សំណួរណាមួយពីក្រុមអ្នកសារព័ត៌មានឡើយ។
តាំងពីការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា ​មកទល់ពេលនេះ លោកបៃឌិន​ ត្រូវបានសារព័ត៌មានអាមេរិកផ្សាយថា​ ជាអ្នកជាប់ឆ្នោត​ប្រធានាធិបតីអាមេរិក ហើយលោកត្រាំតែងតែប្រតិកម្មជានិច្ច​មិនដែលរក្សាភាពស្ងប់ស្ងាត់នោះឡើយ​ ។ ការស្ងប់ស្ងាត់នៅពេល​នេះ​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្តីសង្ឃឹមក្នុងការបន្តតំណែងដឹកនាំអាមេរិក​របស់លោកកាន់តែបាត់បង់​។ មួយវិញទៀតការប្តឹងផ្តល់របស់លោកក៏កាន់តែអស់សង្ឃឹម។
សារព័ត៌មាន​CNN បានផ្សាយថា នៅថ្ងៃទី​២២ខែវិច្ឆិកា ជាពេលវេលា​ដែលលោកត្រាំរក្សាភាពស្ងប់ស្ងាត់​បំផុតមិនធ្លាប់មានតាំងពីថ្ងៃបោះឆ្នោតទី​៣វិច្ឆិកាមកទល់ពេលនេះ។ ជាមួយគ្នានេះដែរ លោកត្រាំ​ក៏មិនមានវត្តមាននៅសេតវិមាន ក៏ដូចជាទីតាំងរដ្ឋាភិបាលឡើយ។
មិនត្រឹមតែលោកត្រាំ​ទេ មន្ត្រីផ្សេងទៀតក្នុងរដ្ឋាភិបាល​ក៏មិនបាន ឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានផងដែរ​​ ។ អនុប្រធានាធិបតីអាមេរិក Mike Pence ក៏មិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធ​នឹងលទ្ធផលបោះឆ្នោត​នៅអាមេរិក​ដែរ។
សកម្មភាពរបស់លោកត្រាំ បានធ្វើឲ្យ​អ្នកនយោបាយអាមេរិក ខឹងសម្បាយ៉ាងខ្លាំង​​ ដោយធ្វើឲ្យ បាត់បង់ប្រជាប្រិយភាពរបស់អាមេរិក​ក៏ដូចជាប្រព័ន្ធបោះឆ្នោត​ប្រជាធិបតេយ្យ ។ ជាមួយគ្នានេះដែរ​ តុលាការក្នុងរដ្ឋ​ដែលក្រុមការងាររបស់លោកត្រាំ​ប្តឹង​ក៏បានច្រានចោលពាក្យបណ្តឹងផងដែរ​​។ ទាំងនោះជាហេតុធ្វើឲ្យក្តីសង្ឃឹមរបស់លោកត្រាំត្រូវបាត់បង់​អស់រលីង៕ដោយ៖ធី រីណា


ចែករំលែក៖