ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិJICA មិនត្រឹមតែជួយកសាងប្រព័ន្ធលូបង្ហូរទឹកការពារទឹកជំនន់ ប៉ុណ្ណោះទេ តែនៅបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេ

ចែករំលែក៖

   ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹកដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃកានៅបានកសាងនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀតផង។

  លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោកបានទទួលជួបសម្ដែងការគួរសមជាមួយលោក ស៊ូហ្កាណូ យូអុីឈី (Mr.SUGANO Yuichi)

ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អាណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅសាលារាជធានីភ្នំពេញនា រសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២០ ។

    លោក ឃួង ស្រេងមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលបានបញ្ចប់អាណត្តិ(JICA )បានជួយដល់រាជធានីភ្នំពេញ។ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈ ការបំពាក់នូវកាមេរ៉ាសុវត្ថិភាពជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត ។ មកដល់ពេលនេះ ចៃកាបានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះចៃកាបាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ។

   លោកសង្ឃឹមថា៖ គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករាឃើញថាគម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា។ ជាងនេះទៀត ចៃកាបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុនបង្ហូរចូលទៅក្នុងទន្លេថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាលមិនទទួលរងនូវការប៉ះពាល់ដោយទឹកកខ្វក់នេះទេ។

លោកឃួង ស្រេងក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមសហការជាមួយលោកស្រីកាម៉េ ហារុកុប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនគ្រប់ពេលវេលា ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ jica នឹងកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

  លោក ស៊ូហ្កាណូ យូអុីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អាណត្តិjica បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអាណត្តិជាង៣ឆ្នាំដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ  jica បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ jicaបាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌ ទួលគោក និងខណ្ឌដូនពេញ ។ គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។         

     ជាទិសដៅរបស់ jica នឹងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញការរៀបចំនគរូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម។ ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន តែលោកនៅតែបន្តជួយរាជធានីភ្នំពេញ បន្ថែមទៀត តាមរយៈលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕ដោយ៖សំរិត


ចែករំលែក៖