អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានចុះផ្សាយថា បន្ទាប់ពីសភាបារាំង បានបោះឆ្នោតអនុម័តលើច្បាប់សន្តិសុខថ្មី ស្តីពីការហាមឃាត់ក្នុងការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលីស ដែលកំពុងបំពេញភារកិច្ចនោះ គណៈកម្មាការអឺរ៉ុប ចេញសេចក្តីព្រមានដល់រដ្ឋាភិបាលបារាំង ពីកាតព្វកិច្ចរបស់ខ្លួនដើម្បីធានាឲ្យក្រុមអ្នកសារព័ត៌មាន អាចបំពេញការងារដោយសេរី និងសុវត្ថិភាព ។
ថ្លែងប្រាប់សារព័ត៌មាន AFP អ្នកនាំពាក្យសភាអឺរ៉ុប លោក Christian Wigand បានបញ្ជាក់ថា សភាអឺរ៉ុប បានបានក្រោនរំលឹកដល់រដ្ឋាភិបាលបារាំង ខណៈដែលសភាបារាំងបានបោះឆ្នោតអនុម័តលើច្បាប់ ក្នុងគោលបំណង ដើម្បីដាក់ទោសលើអ្នកសារព័ត៌មាន ចំពោះការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលីស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនោះ បន្តថា សហភាពអឺរ៉ុបកំពុងឃ្លាំមើលការវិវត្តនៅក្នុងប្រទេសបារាំងយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកនាំពាក្យសភាអឺរ៉ុប បានគូសបញ្ជាក់ថា បណ្តារដ្ឋសមាជិកទាំងអស់ ត្រូវរក្សាតុល្យនៅពេលធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខ, ការធានាសិទ្ធិរបស់ពលរដ្ឋ និងជាពិសេសសេរីភាព សារព័ត៌មានមិនត្រូវប៉ះពាល់ ក្រោមលេសពង្រឹងសន្តិសុខសាធារណៈនោះឡើយ។
ជាក់ស្តែងគណៈកម្មាការអឺរ៉ុប ជានិច្ចកាលតែងតែរក្សាសិទ្ធិក្នុងការពិនិត្យលើច្បាប់ចុងក្រោយ ដើម្បីផ្ទៀងផ្ទាត់ ថាបានអនុលោមស្របតាមច្បាប់របស់សហភាពអឺរ៉ុប។
សូមជម្រាបថា ក្រោយមានការយល់ព្រមលើដំណាក់កាលដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ សមាជិកសភាបារាំងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ទាំងមូល នៅថ្ងៃអង្គារនេះ។ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ចូនទៅឲ្យព្រឹទ្ធសភាដើម្បីត្រួតពិនិត្យឡើងវិញ។ប្រសិនបើអនុម័ត ច្បាប់នេះនឹងពង្រីកការប្រើប្រាស់ដ្រូនស៊ើបការណ៍ និងអំណាចប៉ូលិស ក៏ដូចជាការកំណត់លើការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលីស ដែលកំពុងបំពេញភារកិច្ចផងដែរ។ យោងតាមច្បាប់នេះ ការចែករំលែករូបភាពប៉ូលីសដែលកំពុងបំពេញភារកិច្ចក្នុងគោលបំណង ឬធ្វើឲ្យប៉ះពាល់ដល់រាងកាយ ឬផ្លូវចិត្តនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០១ឆ្នាំ និងពិន័យជាប្រាក់អតិបរមា៤៥,០០០ អឺរ៉ូ (ប្រហែលជា៥៣,៣៦០ ដុល្លារអាមេរិក) ។
ដោយឡែកទាក់ទិននឹងបញ្ហាខាងលើ ក្រុមអ្នកសារព័ត៌មាន និងសកម្មជនបានលើកឡើងថា ច្បាប់នេះប្រឈមនឹងការប្រឆាំងអាចរងផលប៉ះពាល់យ៉ាងខ្លាំងពីសំណាក់សេរីភាពស៊ីវិល និងសេរីភាពសារព័ត៌មាន ។ ខណៈមនុស្សរាប់ពាន់នាក់បានដើរហែក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីនេះកាលពីសប្តាហ៍មុន។ ចំណែកកាលពីថ្ងៃសៅរ៍ ប៉ូលីសបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករនៅក្នុងទីក្រុងប៉ារីស ដែលរៀបចំឡើងដោយក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន និងអង្គការលើកលែងទោសអន្តរជាតិ។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែល រដ្ឋាភិបាលបារាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ខាងលើឡើយ។ ខណៈដែលលោកGerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថាគោលបំណងរបស់ច្បាប់ថ្មីនេះ គឺដើម្បីការពារអ្នកដែលការពារពួកយើងតែប៉ុណ្ណោះ៕ដោយ៖ស តារា