ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីគ្នាធ្វើឲ្យបុរសម្នាក់វាយទៅលើស្ត្រីម្នាក់រងរបួសនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានទាស់ពាក្យសម្តីជាមួយស្ត្រីម្នាក់ ហើយទប់កំហឹងមិនបាន ក៏វាយទៅលើស្ត្រីជាគូទំនាស់របស់ខ្លួនបណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅចំណុចផ្សារពាមប្រជុំ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿន ថាវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ន ស៊ុយ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល​ (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យបានវាយជនរងគ្រោះម្តងរួចមកហើយបណ្ដាលឲ្យមានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែង ហើយសមត្ថកិច្ចបានហៅជនសង្ស័យមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលរួចផងដែរ។ លុះមកដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានបើកបរឡំប្រឺតាទៅចំណុចកើតហេតុនៅផ្សារពាមប្រជុំ មុខផ្ទះរបស់ឈ្មោះ ភឿន រ៉ានី ដែលជាប្អូនរបស់អតីតប្រពន្ធ​។បន្ទាប់មកជនសង្ស័យបានប្រទាក់ពាក្យសម្ដីជាមួយក្រុមគ្រួសាររបស់ឈ្មោះ ភឿន រ៉ានី ខណៈនោះជនរងគ្រោះឈ្មោះ ភឿន ថាវី បានមកដល់ហើយក៏បានប្រទាក់ពាក្យសម្ដីគ្នាបន្ថែមទៀតបណ្ដាលឱ្យជនសង្ស័យខឹង ក៏បានវាយដំទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសតែម្ដង ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ។ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយស្ត្រីរងគ្រោះប្រាកដមែន ។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖