ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ តំណាង លោក ហ៊ុន ម៉ាណែត និងលោកស្រី បានប្រគល់ផ្ទះ ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនលោកយាយ ព្រំ គឿម កំពុងរស់នៅជាមួយកូនស្រី មានសតិវិបល្ល័ស ដែលកន្លងមកបានដុតផ្ទះខ្លួនចោល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារទាំងអស់ ស្ថិតនៅក្នុងភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដោយមើលឃើញការលំបាក របស់លោកយាយ គ្មានផ្ទះសម្បែងសម្រាប់រស់នៅ លោក ហ៊ុន ម៉ាណែត និងលោកស្រី បានធ្វើផ្ទះថ្មី ធ្វើអំពីដែក នឹងថ្ម ប្រគល់ជូនលោកយាយវិញ ដោយខ្លាចកូនស្រីលោកយាយដុតឆេះម្តងទៀត។ ក្រៅពីផ្ទះថ្មី១ខ្នង ក៏មានអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនលោកយាយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា៖ លោកយាយមានអាយុ ៦៨ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូន០៦នាក់ ក្នុងនោះកូនចំនួន០៥នាក់មានប្រពន្ធ និងទៅធ្វើការនៅប្រទេសថៃ ហើយលោកយាយរស់នៅជាមួយកូនស្រី។ ម្យ៉ាងវិញទៀត អស់រយៈពេលជាង១០ឆ្នាំ ហើយដែលលោកយាយបានរស់នៅជាមួយកូនស្រី ដោយបានលក់ដី ផ្ទះ ទាំងអស់ ដើម្បីព្យាបាលកូនស្រីជាទីស្រលាញ់ដែលមានបញ្ហាសតិ ចំណែកឯការប្រកបរបរប្រចាំថ្ងៃវិញ លោកយាយ ត្រូវរស់នៅដោយពឹងលើកង់កញ្ចាស់មួយ សម្រាប់ដើរបេះបន្លែ តាមរបងផ្ទះប្រជាពលរដ្ឋ និងបន្លែព្រៃផ្សេងៗ យកទៅលក់នៅផ្សារក្នុងភូមិ ដើម្បីចញ្ចឹមជីវិត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសម្តែងនូវការអរគុណចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលបានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានបាយហូបនោះទេ និងសូមឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងបន្តសហការគ្នា ជួយប្រជាពលរដ្ឋ ទាំងការងារមនុស្សធម៌ ឬក៏ការងារជួយសង្រ្គោះក្នុងគ្រោះមហន្តរាយផ្សេងៗ ដូចជាខ្យល់កន្រ្តាក់ និងទឹកជំនន់ កុំគិតថាយប់ឬថ្ងៃ យើងត្រូវជួយពួកគាត់ឲ្យបានកាន់តែលឿនកាន់តែល្អ៕
ដោយ៖ សិលា