នៅតាមបណ្តារដ្ឋដែលមានការប្តឹងផ្តល់ពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជារដ្ឋ Pennsylvania, Nevada និងMinnesota នៅថ្ងៃទី២៤ខែវិច្ឆិកាបានប្រកាសជាផ្លូវការថា បេក្ខភាពប្រធានាធិបតីចូបៃឌិន បានយកឈ្នះក្នុងបណ្តារដ្ឋខាងលើ។
អភិបាលរដ្ឋ Pennsylvaniaលោក Tom Wolf បានបានចុះហត្ថលេខាទទួលស្គាល់ថា លោកបៃឌិនឈ្នះឆ្នោតទទួលបានកៅអីតំណាងចំនួន២០ក្នុងរដ្ឋនេះ។ ការប្រកាសទទួលស្គាល់ពីជ័យជម្នះខាងលើជួយឲ្យចំនួនសន្លឹកឆ្នោតសកលរបស់លោកបៃឌិនកើនឡើងជាង៨០លាននាក់ ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អាមេរិកដែលមានបេក្ខភាពប្រធានាធិបតីទទួលបានការគាំទ្រពីពលរដ្ឋខ្ពស់បំផុតមិនធ្លាប់មាន។
នៅក្នុងសេចក្តីប្រកាស អភិបាលរដ្ឋ លោក Tom Wolf បានថ្លែងអំណរគុណដល់មន្ត្រីបុគ្គលិកក្នុងរដ្ឋPennsylvania ដែលបានរៀបចំការបោះឆ្នោតប្រកបដោយ តម្លាភាពនិងសេរីភាព។ លោក Tom Wolf បន្តទៀតថា លោកបានផ្តល់លិខិតបញ្ជាក់ថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា។
ក្រៅពីនេះនៅក្នុងរដ្ឋ Nevada និង Michigan ក៏បានប្រកាសជាផ្លូវការថា លោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ដោយសារតែមិនអាចកែប្រែលទ្ធផលបោះឆ្នោតអាមេរិកបាន លោកត្រាំ និងក្រុមការងាររបស់លោកបានប្រកាសរៀបចំផ្ទេរអំណាចជូនប្រធានាធិបតីជាប់ឆ្នោតថ្មី ។ ទាំងនោះជាសញ្ញានៃការបញ្ចប់ការតវ៉ារបស់លោកត្រាំ ក៏ដូចជាការផ្លាស់ប្តូរអំណាចប្រកបដោយសន្តិភាព៕ដោយ៖ធី រីណា