ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសហការចុះបង្រ្កាបករណីទន្ទ្រាននិងហ៊ុមព័ទ្ធដីព្រៃលិចទឹក នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមានមន្រ្តីរដ្ឋបាលជលផល សង្កាត់រដ្ឋបាលជលផលកំពង់លួង អាវុធហត្ថស្នាក់ការ(បេសូនប្រាំ) យោធាតំបន់ប្រត្តិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះពិនិត្យ និងបង្រ្កាបករណីកាប់ឆ្ការគាស់រុករានហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ។

ករណីចុះពិនិត្យ និងបង្រ្កាបកាប់ឆ្ការគាស់រានហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនេះ ធ្វើឡើងនាថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចតំបន់ដីព្រៃលិចទឹក(តំបន់បី)ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផល៖ ក្រុមការងារអនុវត្តជាក់ស្ដែង ឃើញជនមិនស្គាល់អត្តសញ្ញាណ(ស្ថិតក្នុងការស្រាវជ្រាវ)បានកាប់ឆ្ការគាស់រានហ៊ុមព័ទ្ធកាន់កាប់ លើផ្ទៃដីទំហ៊ុមប្រមាណ៦០ម៉ែត្រ គុណនឹង៤០ម៉ែត្រ ទាញបំផ្លាញចោលនូវវត្ថុតាងបង្គោលចំនួន២០ដើម ចំពោះជនប្រព្រឹត្តសមត្ថកិច្ចជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន កំពុងស្ថិតក្នុងការស្រាវជ្រាវយ៉ាងប្រកិត ដើម្បីយកមកអនុវត្តច្បាប់ ៕ ដោយ៖ បុឹម ពិន

 


ចែករំលែក៖