ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃបន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរនៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ លោក អុិតសំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ផ្ដល់ភាពស្របច្បាប់ជូន​ពលករខ្មែរ​នៅប្រ​ទេស​ថៃ នៅទីស្តីការក្រសួងថ្មីៗនេះបានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃ ដើម្បីបន្តពន្យារលិខិតធ្វើដំណើរ និងបណ្ណការងារពលករធ្វើការនៅក្រៅប្រទេ​ស ជូន​ពលករ ឲ្យ បន្តការងារដោយស្របច្បាប់ និងសុវត្ថិភាព។
លោក​រដ្ឋមន្ត្រី បានបន្តថា ការងារនេះ កម្ពុជានឹងសហការជាមួ​យសមភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យ​ពលករ​ខ្មែរ​ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបាននូវការគាំ​ពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍​ផ្សេងៗដូចពលករដទៃទៀតដែរ ខណ:ដែលកម្ពុជា‑ថៃ បានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែម​ទៀតចំពោះពលករដែលបាន​បញ្ជូន​តាម​រយៈ​អនុស្សរណៈ​នៃ​ការយោគយល់គ្នាហើយត្រូវបញ្ចប់កិច្ចសន្យា​ការងាររយៈពេល៤ឆ្នាំ​ ចាប់ពីថ្ងៃទី​​១​​ខែ​វិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ ​អាចគ្រប់គ្រងបានដោយពុំ​ចាំបាច់ធ្វើមាតុ​ភូមិ​និវត្តន៍ មកកម្ពុជាវិញ។លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេលពីរឆ្នាំហើយ ពលករ​ទាំងនោះ​នឹងត្រូវត្រឡប់មកកម្ពុជាវិញ​ ដោយមិន​អនុញ្ញាត​ឲ្យបន្តកិច្ចសន្យាទៀតទេ។

សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ​​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ក្រុម​ការងារ​អន្តរក្រ​សួង​ ចំនួន៣៦០​នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បី​ចុះទៅធ្វើលិខិត​បញ្ជាក់​អត្តសញ្ញាណ​ជូនដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ​ឲ្យមានភាព​ស្របច្បាប់ ខណៈបច្ចុប្បន្នមាន​ពលករ​កម្ពុជា កំពុងធ្វើការ និងស្នាក់ប្រទេសថៃ ច្រើននាក់ទៅហើយនោះ ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖