ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរអង្គភាព គណៈអភិបាលស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកច្រើនរូបទៀត។
លោក ងួន រតនៈ បានប្រគល់អនុក្រឹត្យស្តីពីការតែងតាំងលោកស្រី ប៊ិន បូឡែន ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង។ លោកស្រី ប៊ិន បូឡែន អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ដែលទើបប្រកាសតែងមុខតំណែងថ្មី បានឡើងអានសេចក្តីប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់លោកស្រី អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ៕
ដោយ៖ សិលា