កាលពីព្រេងនាយនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ» គិតទៅឃើញថា «គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ »។ ហើយក៏ដើរចេញពីផ្ទះទៅ ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោមសួរថា « ជីឯង មកពីស្រុកណា មានការអ្វី ? » ។ បុរសនោះជម្រាបថា «ខ្ញុំបាទ មកពីស្រុកឆ្ងាយ អាពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង, ខ្ញុំបាទមកនេះ នឹងសូមជ្រកកោននៅបម្រើ ជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា » ។ លោកនោះសួរថា «ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ ?» ។ បុរសជម្រាបថា « អក្សរខ្ញុំបាទមិនចេះទេ » ។ លោកក្រឡាហោមប្រាប់ថា « យើងទទួលឲ្យនៅបាន តែត្រូវឲ្យជីឯងបោសសំរាមក្រោមផ្ទះយើង រៀងរាល់ថ្ងៃកុំខាន» ។
បុរសនោះក៏នៅបម្រើ បោសក្រោមផ្ទះរាល់ថ្ងៃ ដល់ចំនួន ៣ ឆ្នាំ ។ ថ្ងៃមួយនោះ បុរសកាស៣០ សួរមាតាលោកក្រឡាហោមថា « លោកយាយ ! តើលោកក្រឡាហោម ជាកូនលោកយាយ កើតឆ្នាំខែថ្ងៃអ្វី បានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះ?» ។ យាយនោះប្រាប់ឆ្នាំថ្ងៃខែ និងពេលដែលកើតសព្វគ្រប់ ។ បុរសនោះបានស្ដាប់ចាំប្រាកដ ពិចារណាថា « គួរអញកត់ឆ្នាំខែថ្ងៃនិងពេលរបស់លោកនេះ ដាក់ក្នុងដៃឲ្យជាប់ » គិតហើយ ក៏យកកំណាត់សំពត់ចាស់ កត់ឆ្នាំថ្ងៃខែនិងពេលដែលលោកនោះកើត ហើយដាក់ក្នុងដៃ មិនឲ្យអ្នកឯណាដឹង ឬឃើញឡើយ ។
ថ្ងៃក្រោយលោកក្រឡាហោម សួរបុរសកាស ៣០ «ជីឯងមកនៅនឹងជើងយូរឆ្នាំហើយ ពុំទាន់បានធ្វើរាជការនឹងគេ ចុះខ្លួនជីឯង កើតឆ្នាំថ្ងៃខែអ្វី » ។ បុរសនោះជម្រាបថា « ខ្ញុំបាទមិនចាំ តែកាលឪពុកម្ដាយខ្ញុំបាទរស់នៅឡើយ បានឲ្យកំណត់កត់នឹងកំណាត់សំពត់សមួយ មកខ្ញុំបាទៗក៏ទុកនៅសព្វថ្ងៃ តែមិនដឹងជារឿងអ្វី ពីព្រោះខ្ញុំមិនចេះអក្សរ»។ លោកក្រឡាហោមថា «បើដូច្នេះ ជីឯងឲ្យកំណត់នោះមកអញមើល ! បុរសនោះក៏ជូនកំណាត់ទៅលោកៗ មើលឃើញ កើតថ្ងៃខែឆ្នាំ និងពេលដូចជាលោកដែរ ក៏គិតក្នុងចិត្តថា « ចៅនេះ កើតឆ្នាំថ្ងៃខែដូចអញដែរ គន់មើលទៅរូបរាងឫកពាវា ក៏សមសួន ចៅនេះនឹងបានធ្វើជានាហ្មឺនធំដូចអញមិនខាន» ហើយកាន់កំណត់នោះចូលទៅក្នុង បង្ហាញរួចខ្សឹបប្រាប់ភរិយាថា «គេហ៍អើយ ! បុរសជាកូនក្មួយយើង ដែលបោសសំរាមក្រោមផ្ទះសព្វថ្ងៃនេះ វាកើតឆ្នាំខែថ្ងៃដូចអញ មើលទៅឫកពាសាច់ឈាមវា ក៏សមសួនផង, ទៅមុខវានឹងបានធ្វើជាសេនាបតីដូចយើង» ហើយលោកនោះប្រឹក្សានឹងប្រពន្ធថា «កូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើជាភរិយាចុះ ខ្លួនវានឹងបានធ្វើជានាហ្មឺនធំ តវង្សយើង » ។ ភរិយាក៏យល់ព្រម ។ លោកនោះ ចេញមកវិញប្រាប់បុរសនោះថា « ពីថ្ងៃនេះតទៅ ឯងឈប់បោសសំរាមក្រោមផ្ទះចុះ ត្រូវឯងឡើងមកបោសខាងលើផ្ទះវិញ » ។
កន្លងមកមួយខែ លោកក្រឡាហោមរៀបវិវាហមង្គលការ ផ្សំផ្គុំកូនស្រីនឹងបុរសកាស ៣០ ជាស្វាមីភរិយា, រួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសា ឲ្យធ្វើរាជការជាមួយ តែងចូលគាល់បម្រើស្ដេចរៀងរាល់ថ្ងៃ ដរាបមក ។
លុះកន្លងមកបានបីខែ មានគេជម្រាបថា « កូនប្រសាលោក មិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេ, រឿងនេះគឺបុរសនោះសួរឆ្នាំខែថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមាតា ឯលោកយាយក៏បានប្រាប់ដោយសព្វគ្រប់, កូនប្រសាលោកបានស្ដាប់ដឹងអស់ហើយ ក៏សរសេរចុះក្នុងកំណាត់សំពត់សទុក លុះដល់លោកសួរឆ្នាំខែថ្ងៃខ្លួន ក៏ជូនកំណត់នោះមកលោកៗមើលទៅឃើញថា កើតឆ្នាំខែដូចលោក ក៏ឲ្យកូនក្រមុំធ្វើជាភរិយា រឿងនេះ មិនមែនដូច្នោះទេ គឺក្លែងសរសេរទុកជាប្រាកដ » ។ លោកក្រឡាហោម ក៏ជឿជាក់ឥតសង្ស័យ ហើយមានចិត្តទោមនស្សជាខ្លាំង គិតថា « មិនគួរនឹងចាញ់ប្រាជ្ញាអាមនុស្សកម្សត់នេះសោះ » ក៏រកឧបាយនឹងផ្ដាច់កូន បណ្ដេញចោលចេញ ។
ក្រោយនោះមានទ័ពចោរ បះបោរនៅខេត្តក្រៅជាច្រើន ។ ស្ដេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោម ឲ្យនាំសេនាទាហានទៅបង្ក្រាប ប៉ុន្តែពួកទ័ពចោរ មិនបានរាបទេ កាលបើដូច្នោះ លោកក្រឡាហោម ក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញ ។ ស្ដេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទៀត ក៏នៅតែមិនរាបទៀត លោកក្រឡាហោម ក៏លើកទ័ពត្រឡប់យកសេចក្ដីមកក្រាបបង្គំទូលថា « ទូលព្រះបង្គំជាខ្ញុំ លើកទ័ពទៅបង្ក្រាបទ័ពចោរពីរដង ហើយនៅតែមិនឈ្នះវា ព្រោះពួកវាមានសេនាទាហានច្រើន ហើយពូកែផង ទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបាន ត្បិតមានជំងឺក្នុងខ្លួនច្រើន សូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់ ឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះឲ្យឆាប់ , ឯកូនប្រសាប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំ ជាមនុស្សមានចិត្តទាហានហានក្លាដែរ ចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើន, បើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាច» ។ ការដែលលោកក្រឡាហោមទូលដូច្នេះ គឺជាឧបាយដោយស្អប់កូនប្រសានោះណាស់ ព្រោះយល់ថា បើវាលើកទ័ពទៅហើយទ័ពចោរទាំងនោះ នឹងសម្លាប់វាមិនខាន ។ ស្ដេចទ្រង់ព្រះសណ្ដាប់ ក៏ឲ្យហៅកូនប្រសានោះមក ទ្រង់មានព្រះរាជឱង្ការប្រាប់ថា « នៅខេត្តក្រៅ មានទ័ពចោរបះបោរច្រើន, ឥឡូវ យើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះ អ្នកឯងហ៊ានទៅឬទេ ? បើហ៊ានទៅ ហើយឈ្នះចោរផង យើងនឹងឲ្យរង្វាន់ » ។
បុរសនោះទូលថា « ទូលព្រះបង្គំជាខ្ញុំ ហ៊ានទទួលទៅធ្វើរាជការថ្វាយ» ។ ទ្រង់មានព្រះរាជឱង្ការថា « បើដូច្នោះ ចូលអ្នកឯងនាំសេនាទាហានទៅជាឆាប់ » ។ បុរសថ្វាយបង្គំលាមកផ្ទះជម្រាបលោកក្រឡាហោមជាបិតាក្មេក តាមរឿងគ្រប់ប្រការ រួចលើកទ័ពចេញទៅ ទ័ពចោរបានដឹង ក៏លើកទ័ពមកតាំងច្បាំងគ្នាជាខ្លាំងក្លា ។ ទ័ពចោរទ្រាំពុំបានក៏បរាជ័យ បាក់បបខ្លបខ្លាចរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅ ។ បុរសលើកទ័ពបង្ក្រាបរាបគ្រប់អន្លើ រួចនាំសេនាទាហានត្រឡប់មកវិញ ក្រាបបង្គំគាល់ ទូលរឿងច្បាំងនឹងទ័ពចោរគ្រប់សេចក្ដី ។ ស្ដេចជ្រាបទ្រង់ព្រះអំណរពន់ប្រមាណ ។
ឯលោកក្រឡាហោម ដឹងថា «កូនប្រសា លើកទ័ពទៅបង្ក្រាបចោររាបទាបអស់ដូច្នោះ ក៏មានចិត្តទោមនស្សរឹតតែខ្លាំងឡើង ពីព្រោះគិតថា ដែលឲ្យវាទៅបង្ក្រាបទ័ពចោរនោះ ដើម្បីឲ្យពួកចោរសម្លាប់វា ឥឡូវទៅជាវាមានជ័យជម្នះវិញ» ។ ឯរោគលោកក្រឡាហោមរឹងរឹតតែរើខ្លាំងឡើងលើសដើម ពេទ្យមើលពុំជា ក៏ទទួលមរណភាពទៅ ។ ស្ដេចជ្រាបទ្រង់ព្រះចិន្ដាថា «នឹងឲ្យឈ្មោះណាធ្វើក្រឡាហោម ?» ទ្រង់ព្រះចិន្ដាទៅឃើញតែបុរសដែលវាយទ័ពចោរ រាបទាបនោះឯងមានគុណបំណាច់នឹងរាជការ គួរតែឲ្យធ្វើជាក្រឡាហោមបាន » ទ្រង់ព្រះចិន្ដាដូច្នោះហើយ ក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ ហើយទ្រង់ព្រះមេត្តាប្រោស តាំងឲ្យធ្វើទីក្រឡាហោម តំណាងបិតាក្មេកទៅ ៕
(មនុស្ស កុំមើលងាយមនុស្ស)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)