អន្តរជាតិ៖ បើតាមការអះអាងរបស់លោក ចាង យីង (Zhang Ying) មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ អាជ្ញាធរទីក្រុងកំពុងផែ ធានជីន (Tianjin) បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ០២ករណីនៅក្នុងខែវិច្ឆិកានេះដែលមានប្រភពចេញពីក្បាលជ្រូក នាំចូលមកពីតំបន់អាមេរិកខាងជើង។
លោក ចាង យីង បានបញ្ជាក់ទៀតថា អាជ្ញាធរមិនទាន់ធ្វើតេស្តក្បាលជ្រូកនៅឡើយទេ ប៉ុន្តែសំណាកយកចេញពីចំណុចក្បាល ដែលបានធ្លាក់នៅពេលធ្វើការផ្លាស់ប្តូរកន្លែងផ្ទុកក្បាលជ្រូកទាំងនោះ ត្រូវបានធ្វើតេស្ត«វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាដែលមានជាប់ពាក់ព័ន្ធ ទៅនឹងករណីទាំងពីរខាងលើ ក្រោយពួកគេបានប៉ះពាល់ដោយផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា កាលពីដើមខែវិច្ឆិកានេះ អាជ្ញាធរទីក្រុងធានជីន ធ្លាប់បានប្រកាសថា ពួកគេនឹងធ្វើតេស្តនៅតាមកន្លែងស្តុកនានា និងបុគ្គលិកមួយចំនួន បន្ទាប់ពីកម្មករម្នាក់បានធ្វើវិជ្ជមាន ក្រោយប៉ះពាល់សាច់ជ្រូកក្លាសេ នាំចូលពីប្រទេសអាល្លឺម៉ង់។ មួយរយៈចុងក្រោយនេះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ជាបន្តបន្ទាប់ចេញពីសាច់ក្លាសេនាំចូលពីបរទេស។
ដោយឡែកអាជ្ញាធរសុខាភិបាលចិន កាលពីថ្ងៃអង្គារម្សិលមិញនេះបានបញ្ជាក់ថា ប្រទេសចិនបានកត់ត្រាការណីឆ្លងជំងឺ COVID-19 សរុបចំនួន៥ករណីបន្ថែមទៀត។ ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយគណៈកម្មាធិការសុខភាពជាតិចិនបានបញ្ជាក់ថា ករណីថ្មីៗទាំងអស់គឺជាករណីនាំចូលពីបរទេស៕
ដោយ៖ស តារា