ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ទាំងព្រឹក ! បុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រ័ងដួលចូលក្រោយរថយន្តបែន កិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរ និងធ្លាយគ្រឿងក្នុងចេញមកស្លាប់យ៉ាងអាណោចអាធ័ម ដោយជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រ័ងដួលចូលក្រោយរថយន្តបែនដឹកកម្ទេចថ្មកិនកាលពីវេលាម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុខសាលាមីគីវេ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុង​ ដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ​ ស្នាក់នៅបុរីសន្តិភាព២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-0193 ចំណែករថយន្តបែនដឹកកម្ទេចថ្ម​ ពាក់ស្លាកលេខ ភ្នំពេញ 3E 2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូនិងរថយន្តបែន​ ជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុត ក៏បានចាប់ហ្វ្រ័ងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែនបណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធ័មបំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់ ។

ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យយកមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖