ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងនាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នៅព្រឹកស្អែក

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ នឹងនាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា ។

សូមបញ្ជាក់ថា៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីម្សិលមុិញ។

ប្រទេសមីយ៉ាន់ម៉ា កំពុងរងគ្រោះដោយការរីករាលដាលជំងឺកូវីដ១៩ ដ៏ខ្លាំងក្លាមួយ ដែលរហូតមកដល់ពេលនេះ មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងរហូតដល់ជាង៨ម៉ឺនករណី ក្នុងនោះមាន ១៧៨៤នាក់ បានស្លាប់បាត់បង់ជីវិត។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសម្តេចតេជោ សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកស្រី អោង សានស៊ូជី ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា»។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ៕

 

ដោយ៖សិលា


ចែករំលែក៖