ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យស្នើឲ្យអាជ្ញាធរជួយដាក់លូ ធ្វើផ្លូវ ចូលយកសំរាម តបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយពិភាក្សាពិគ្រោះយោបល់ជាមួយ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ពលរដ្ឋស្នើឲ្យអាជ្ញាធរជួយដោះស្រាយ បញ្ហាលូ ធ្វើផ្លូវ បញ្ហាកកស្ទះសំរាម ជួយតបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនពួកគាត ព្រោះក្មេងទំនើងដើរគាស់ផ្ទះរាល់យប់ និងបង្កភាពអនាធិបតេយ្យដើរស្រែកឡូឡាធ្វើឲ្យពួកគាត់ភ័យខ្លាច មិនបានដេកពួនរាល់យប់។
ឆ្លើយតបទៅនឹងសំណើរបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្ដិទី២ នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាការស្ដារលូចាស់ៗ ដាក់លូថ្មីៗបន្ថែម ស្ដារប្រឡាយ, បញ្ហាសំរាម,បញ្ហាតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង ដែលការងារនេះត្រូវអនុវត្តជាជំហានៗ ស្របពេលដែល រដ្ឋបាលរាជធានីកំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថា ការបង្កើតស្ថានីយផលិតទឹកស្អាតនិីមួយៗទាមទារឱ្យមានផែនការត្រឹមត្រូវ មានជំហានអនុវត្ត ការចំណាយពេលវេលានិងថវិកាច្រើនក្នុងការសាងសង់ ។
លោកបានបន្តថា រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែងដែលនឹងរួចរាល់នៅឆ្នាំ២០២៣ ដូច្នេះវាអាចឆ្លើយតបជាមួយនឹងតម្រូវការ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល និងខណ្ឌព្រែកព្នៅជាដើម។
ការបង្ហាញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យដែលបានលើកឡើងពីបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹកពីភ្នាក់ងារឯកជនក្នុងតម្លៃថ្លៃរហូតដល់៣០០០ រៀលក្នុងមួយម៉ែត្រគូប។
លោកកៅ សាលៀប រស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់ត្រពាំងក្រសំាង បានឱ្យដឹងថា ប្រជាពលរដ្ឋនៅរដូវប្រាំងនេះអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មានបំពងភ្ជាប់ចូលទៅក្នុងលំនៅឋាន ហើយការទិញទឹកពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡានតម្លៃ៤ម៉ឺនរៀលដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋថា តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋបានទៅដល់ហើយ ដែលបងបងប្អូនប្រជាពលរដ្ឋអាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយោលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់និងដីឡូត៍ ប្រជាពលរដ្ឋអាចទៅទំនាក់ទំនងទៅផ្នែកផែនការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹកឱ្យប្រើប្រាស់បាន ។
លោកបន្តថា ចំពោះប្រជាពលរដ្ឋនៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាតទៅដល់ផងដែរ នៅតែតំបន់ដីឡូត៍ និងតំបន់មិនទាន់រៀបរយ ជាពិសេសតាមផ្លូវរថភ្លើងតែម្តង ប្រសិនជាប្រជាពលរដ្ឋមិននៅតំបន់នេះទេ រដ្ឋាករទឹកនឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយចំពោះមុខ រដ្ឋាករទឹកនឹងដាក់នាឡិការួមមួយដើម្បីឱ្យបងប្អូនប្រើប្រាស់បណ្តោះអាសន្នរហូតទៅដល់រោងចក្របាក់ខែងសាងសង់រួចរាល់ ។ លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្មផលិតមិនទាន់តម្រូវការ ដោយរង់ចាំការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងរួចរាល់។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ការលើកឡើងពីសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរនិងមន្រ្តីជំនាញ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា តាមការព្យាកររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ការប្រើប្រាសទឹកស្អាតនៅរាជធានីភ្នំពេញនឹងមានតម្រូវការរហូតដល់ប្រមាណជាង៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ និងជាង១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ ៕សំរិត


ចែករំលែក៖