អន្តរជាតិ៖ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ លោក Edhy Prabowo រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ីត្រូវបានចាប់ខ្លួនពីបទទាក់ទិននឹងអំពើពុករលួយ ។ នេះបើតាមការអះអាងពីទីភ្នាក់ងារលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី ។
លោក Nawawi Pomolango អនុប្រធានទីភ្នាក់ងារលុបបំបាត់អំពើពុករលួយ បានបញ្ជាក់ថា មនុស្សមួយចំនួន ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅយប់ថ្ងៃទី ២៤ និងព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា។ ចំណែករដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទ លោកEdhy Prabowo ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីទើបមកពីបរទេស នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា។
បើតាមការចុះផ្សាយរបស់កាសែត Jakarta Globe លោករដ្ឋមន្ត្រី Edhy ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងការនាំចេញកូនបង្កងខុសច្បាប់។ ប៉ុន្តែយ៉ាងណាក៏ដោយ អនុប្រធានទីភ្នាក់ងារលុបបំបាត់អំពើពុករលួយរូបនេះបានបដិសេធបញ្ចេញព័ត៌មានលម្អិតផ្សេងៗ ដោយសំអាងថា ត្រូវរង់ចាំលទ្ធផលស៊ើបអង្កេតបឋមសិន។
លោក Edhy ជាអ្នកនយោបាយរបស់បក្សចលនាឥណ្ឌូនេស៊ី និងបានចូលកាន់តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទនៅក្នុងខែតុលា ឆ្នាំ២០១៩កន្លងទៅ។ ប្រសិនបើលោក ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តអំពើពុករលួយមែននោះ លោក នឹងក្លាយជារដ្ឋមន្ត្រីទី៣ក្នុងគណៈរដ្ឋមន្ត្រីលោក ចូកូ វីដូដូ ដែលត្រូវចោទពីបទប្រព្រឹត្តអំពើពុករលួយ។
គួររម្លឹកដែរថា អតីតរដ្ឋមន្ត្រីកីឡាឥណ្ឌូនេស៊ី លោក Imam Nahrawi នៅក្នុងខែមិថុនាកន្លងមក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពិន័យជាប្រាក់ ១,៣លានដុល្លារ និងហាមឈរឈ្មោះជាមន្ត្រីសាធារណៈរយៈពេល ៤ឆ្នាំ ពីបទលួចលុយសាធារណៈប្រមាណ ៨០ម៉ឺនដុល្លារ។នៅក្នុងឆ្នាំ២០១៩ អតីតរដ្ឋមន្ត្រីសង្គម លោក Idrus Marham ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទទទួលសំណូក៕
ដោយ៖សតារា