ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានសេចក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើង មកសំឡុត និង គំរាមកំហែងសម្លាប់ប្រជាពលរដ្ឋទាំងគ្រួសារ ក្នុងបទល្មើសជាក់ស្តែង ខណៈជនទំនើងនេះប្រព្រឹត្តមិនរាងចាលជាង២០ឆ្នាំមកហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ប៉ុន្តែទីបំផុត ! លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោះលែង យ៉ាងងាយៗ កាន់តែធ្វើឱ្យប្រជាពលរដ្ឋបន្តការភ័យខ្លាចក្នុងការរស់នៅ ខណៈជននេះប្រព្រឹត្តគ្រប់យ៉ាងក្នុងបទល្មើសព្រហ្មទណ្ឌ បែជាតុលាការដោះលែង គ្មានការស្រាវជ្រាវពិចារណាពី បុគ្គលិកលក្ខណះបុគ្គលគាត់ បន្សល់ទុកឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរ ភ័យខ្លាច ឈឺក្បាលដល់កម្រិតណាឬអត់.? ប្រជាពលរដ្ឋនិយាយបែបចំអកថា៖ នាយទាហានស័ក្តិ៥ ដែលកាន់កាំភ្លើងខ្លីគំរាមកំហែងសម្លាប់អ្នកជិតខាងនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាត អោយត្រលប់ទៅផ្ទះវិញហើយ ទុកតែសំណុំរឿងដេីម្បីចាត់ការបន្តប៉ុណ្ណោះ។
ពួកគាត់លើកឡើងថា៖ ការកាន់កាំភ្លើងគំរាមកំហែងសម្លាប់អ្នកដទៃ មិនមែនជាបទល្មេីសដែលត្រូវចាប់ខ្លួន ឬ ឃុំខ្លួនទេ ព្រោះមិនទាន់បាញ់សម្លាប់ជនរងគ្រោះផង វាមិនមែនជាបទល្មើសជាក់ស្តែង .! វាគ្រាន់តែជារឿងសាមញ្ញធម្មតាសម្រាប់អ្នកមានបណ្ដាស័ក្តិមានកាំភ្លេីងមួយចំនួន មែនក៏អី .? ឬមួយបទល្មើសនោះ មិនបានប្រព្រឹត្តដូចជានាយនគរបាល យកកាំភ្លើងបាញ់សម្លាប់ជាងកាត់សក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌទួលគោក រួចគេចខ្លួនបាត់ទើបជាអំពើល្មើសច្បាប់…?
សូមបញ្ជាក់ថា៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើង មកជេរប្រមាថ សំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារដល់អ្នកភូមិផងរបងជាមួយនោះ ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងអោយមានសេរីភាព វិញហើយ តែនីតិវិធីនៅតែបន្តដដែល នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។
អ្នកភូមិអូរបែកក្អម បានរំឮកថា៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ប្រើអំណាចខ្លួនជានាយទាហាន បានធ្វើបាបប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ តាមរយៈយកកាំភ្លើងភ្ជង់ និងវាយអោយបែកក្បាល សំឡុត គំរាមកំហែង អ្នកដទៃ មិនតិចជាង២០ឆ្នាំមកហើយ ។ ក្នុងនោះស្ត្រីម្នាក់ឈ្មោះ ស្រីមុំ វ័យជាង ៤០ឆ្នាំបានលើកឡើងថា ៖ ក្នុងអំឡុងឆ្នាំ២០០៥ អ្នកផ្ទះរបស់គាត់មិនដែលមានទំនាស់អ្វី ជាមួយនឹងលោកស័ក្តិ៥នេះសោះ បែរជាគាត់ បានយកកាំភ្លើងមកគំរាមមុខផ្ទះ និងយកជើងធាក់ទ្វារ រួចបាញ់មួយគ្រាប់ ទាំងក្រុមគ្រួសារគាត់ម្នាក់ៗភ័យខ្លាច និងមិនហ៊ានប្ដឹងផ្ដល់នោះឡើយ ដោយសារប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរ សមត្ថកិច្ច ក៏នៅតែធ្វើជននេះមិនបាន។
ភរិយាលោកទុំ ប៊ុនធឿន ក៏បានប្រាប់ផងដែរថា៖ ប្តីគាត់មានវ័យជាង ៥០ឆ្នាំ កាលពីឆ្នាំ ១៩៩៧ ក៏លោក ហុឹម សំបូរ រូបនេះ បានយកកាំភ្លើងមកវាយត្រង់ក្បាល បែកហូរឈាម ។ ប៉ុន្តែសមត្ថកិច្ចមិនមានវិធានការតាមនីតិវិធី ហើយចំពោះរូបគាត់និងក្រុមគ្រួសារ ក៏មិនហ៊ានតបទាល់តែសោះ។
ស្ត្រីដែលបានប្តឹងលោកស័ក្តិ៥ ឲ្យសមត្ថកិច្ចឃាត់ខ្លួន ក៏បានរំលឹកផងដែរថា ៖ កន្លងទៅសូម្បីតែឪពុករបស់ខ្លួន ឈ្មោះ រស់ វ៉ាន់ថៃ វ័យជាង ៦០ឆ្នាំ គាត់ត្រូវបានលោកស័ក្តិ៥ ហុឹម សំបូរ វ៉ៃដូចប្រជាពលរដ្ឋដទៃទៀត។
ប្រជាពលរដ្ឋបានលើកឡើងថា ករណីខ្លះ ក្រុមគ្រួសារលោក ស័ក្តិ៥ ហុឹម សំបូរ ក៏ដូចជារូបគាត់ផ្ទាល់ បានទៅប្ដឹងអាជ្ញាធរ និងសមត្ថកិច្ច ដោយគ្មានហេតុនិងផល ធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ច ឈឺក្បាលនឹងរឿងរបស់គាត់រាប់កញ្ឆេរ។ ប្រជាពលរដ្ឋបាននិយាយទាំងហួសចិត្តថា ៖ លោកស័ក្តិ៥ ហុឹម សំបូរ និងភរិយារបស់គាត់ ជំនាញខាងបង្ករឿង ជេរប្រមាថអ្នកដទៃ យកកាំភ្លើង គំរាមកំហែង សំឡុត ថាបាញ់សម្លាប់ទាំងគ្រួសារ ជាពិសេស គ្រួសារមួយនេះ នាំរឿងឈ្លោះតាំងពីរឿងថូផ្កា រឿងអាចម៍មាន់ អាចម៍ទា រឿងលូ រឿងប្រជាពលរដ្ឋរៀបកម្មវិធីជប់លៀងបន្តិចបន្តួច គឺគាត់ទើសភ្នែក បង្កើតនូវនិទណ្ឌភាពនៃបទល្មើសច្រើនរាប់មិនអស់។ បើប្អូនរបស់គាត់វិញ លក់ដូរលើចិញ្ចើមផ្លូវសាធារណៈ គ្មានប្រជាពលរដ្ឋណាម្នាក់ហ៊ានតវ៉ាទេ ដោយសារខ្លាចលោកស័ក្តិទំនើង និងភរិយា មកគំរាមកំហែង និងខ្លាចយកកាំភ្លើងមកគម្រាមបាញ់សម្លាប់នេះជាដើម។
ប្រជាពលរដ្ឋបានរំលឹកថា ៖ កន្លងទៅមិនដឹងជាលោកស័ក្តិ រូបនេះមានបញ្ហាអីជាមួយនឹងប្រជាពលរដ្ឋ មកពីខាងណាទេ ឃើញពួកគេមកស្រែកយំ និងទារលុយនៅមុខផ្ទះ អាចជារឿងរត់ការចូលក្របខណ្ឌ ហើយមិនបានសម្រេច។ ពេលនោះមិនត្រឹមតែលោកស័ក្តិ៥ខាងលើ មិនបើកទ្វារឲ្យចូលផ្ទះប៉ុណ្ណោះទេ ថែមទាំងយកកាំភ្លើងមកភ្ជង់គំរាមសំឡុត បន្ទាប់ពីអ្នកទាំងនោះ មកទារលុយ ស្រែកទ្រហោយំនៅមុខផ្ទះគាត់។
ថ្មីៗនេះជារឿងចុងក្រោយ គឺលោកស័ក្តិ៥ ហ៊ីម សំបូរ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ស្ត្រីរងគ្រោះបានប្តឹង។
នារីរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវលេខ២៧១ ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ ដែលមានដីផ្ទះជិតជនរងគ្រោះ បានដើរកាន់កាប់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ដើម កាត់មុខផ្ទះជនរងគ្រោះ ឆ្ពោះទៅហាងអ៊ុតរបស់ជនរងគ្រោះ មាន យីហោ «ជី ជី សាឡន» ដោយបានធ្វើការសំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី ។
ក្នុងពាក្យបណ្តឹង នារីរងគ្រោះបានរៀបរាប់ទៀតថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយគ្រួសារជនរងគ្រោះជាញឹកញាប់ ចាប់តាំងពីជនរងគ្រោះបានសាងសង់ ផ្ទះល្វែង អំពីថ្មរួចមក ឈ្មោះនេះ តែងតែមិនពេញចិត្តនឹងគ្រួសារជនរងគ្រោះ ឡើយ ។
លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគាត់ ហើយសំឡុតនិងបានបោះពាក្យសម្តី ថា «ហែងធ្វើមិនឈ្នះអញទេ» ដែលទង្វើនេះ គឺ ជាទង្វើខុសច្បាប់ទាំងស្រុង ព្រោះឈ្មោះនេះ ក្នុងនាមជាសមត្ថកិច្ច ផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ។
ជនរងគ្រោះ បន្តថា ទង្វើទាំងអស់នេះ ធ្វើអោយជនរងគ្រោះរស់នៅមិនបានសុខ ដោយការគំរាមកំហែងថា នឹងសម្លាប់ទាំងគ្រួសារ ។ ទីបំផុត ! សមត្ថកិច្ចឃាត់ខ្លួនបានហើយ កសាងសំណុំរឿងទៅតុលាការ តែព្រះរាជអាជ្ញារង លោក ស៊ិត វណ្ណៈ ដោះលែង ទាហានស័ក្តិ៥ ដែលយកកាំភ្លើងមកសំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារ ប្រព្រឹត្តមិនរាងចាល សុទ្ធតែជាចេតនាបន្តឱ្យមាននិទណ្ឌភាពបទល្មើសរីកដុះដាល។ ប្រជាពលរដ្ឋបានលើកឡើងថា សូមលោក ព្រះរាជអាជ្ញារង សុិត វណ្ណៈ មេត្តាមកសួរអ្នកភូមិដោយខ្លួនឯងផ្ទាល់ទៅដឹងហើយ តើលោកស័ក្តិ៥ ហុឹម សំបូរ ជាជនទំនើងលំដាប់ VIP បែបណា។
ក្រុមប្រឹក្សាសង្កាត់អូរបែកក្អម មួយរូបបាននិយាយថា ឃើញសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួននាយទាហានខាងលើ គាត់គាំទ្រ ព្រោះបង្កបញ្ហាដល់ប្រជាពលរដ្ឋ អាជ្ញាធរច្រើនណាស់ ពិសេសសូម្បីតែភរិយាគាត់ជាគ្រូបង្រៀនចេះដឹង ក៏និយាយគ្មានហេតុផល គិតតែយកកំហឹងទល់កំហល់។ លោកថា៖ សោកស្តាយដែរ តុលាការមិនបានភ្លក្សរសជាតិ នូវការប្រព្រឹត្តដោយលោក ហុឹម សំបូរ គម្រាម សំឡុត ភ្ជង់ វ៉ៃ បែកហូរឈាម ថានឹងសម្លាប់ទាំងគ្រួសារដូចប្រជាពលរដ្ឋរងគ្រោះ..៕
ដោយ៖សុខ ខេមរា