ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងត្រូវបានចែកចាយទៅកាន់បណ្តារដ្ឋនៅសប្តាហ៍ក្រោយ ហើយអ្នកដែលប្រឈមការឆ្លងខ្ពស់ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
សារព័ត៌មាន DailyMail បានផ្សាយថា នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិកទៅកាន់កម្លាំងទាហាននៅក្រៅប្រទេសតាមអនឡាញ ក្នុងថ្ងៃទី២៦ខែវិច្ឆិកា ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងចែកចាយប្រើប្រាស់នៅដើមខែធ្នូ ខាងមុខនេះ។ បុគ្គលដែលទទួលបានអាទិភាពមុនគេគឺ ក្រុមគ្រូពេទ្យ និងមនុស្សចាស់។
លោកត្រាំបញ្ជាក់ថា «វ៉ាក់សាំងនឹងត្រូវបានចែកចាយនៅសប្តាហ៍ក្រោយ និងសប្តាហ៍ក្រោយទៀត» ។ លោកត្រាំបង្ហាញក្តីសង្ឃឹមថា ស្ថានភាពកូវីដ-១៩ នឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ។ ការប្រកាសរបស់ ប្រធានាធិបតីអាមេរិក ក្រោយពេល ក្រុមហ៊ុន Moderna និង Pfizer ប្រកាសថា វ៉ាក់សាំងនឹងទទួលបានជោគជ័យដល់ទៅ៩៥ភាគរយ ។ រដ្ឋបាលគ្រប់គ្រងឱសថអាមេរិក នៅថ្ងៃទី៣០ខែវិច្ឆិកា នឹងពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បីអនុម័តច្បាប់ប្រើប្រាស់ជាបន្ទាន់។
លោក Gustave Perna ប្រធានយុទ្ធនាការវ៉ាក់សាំងបន្ទាន់Warp Speed បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកត្រាំនឹងចែកចាយវ៉ាក់សាំងទូទាំងប្រទេស ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ក្រោយការអនុម័ត។
បច្ចុប្បន្ន អាមេរិកមានករណីឆ្លងកូវីដ-១៩កើនឡើងជាង១៣លាននាក់ និងស្លាប់ជាង២៧០ពាន់នាក់។ ជារៀងរាល់ថ្ងៃអាមេរិកមានករណីឆ្លងថ្មីជាង១០០ពាន់នាក់ ថ្ងៃខ្លះមានអ្នកឆ្លងដល់ទៅ ១៧០ពាន់នាក់៕ដោយ៖ធី រីណា