ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន​Telegraph របស់អង់គ្លេសបានផ្សាយថា ​ រដ្ឋាភិបាលទីក្រុងឡុងដុង បានប្រកាសថា​នឹងអនុម័តវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ផលិតដោយក្រុមហ៊ុន​ Pfizer នៅក្នុងសប្តាហ៍​នេះ​ ។ ជាមួយគ្នានោះ​រដ្ឋាភិបាលអេស្ប៉ាញក៏បានប្រកាសថា អេស្ប៉ាញនិងអាល្លឺម៉ង់ជាប្រទេសដំបូងគេបង្អស់នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ដល់ពលរដ្ឋ​ ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ​២០២១។
ក្រុមអ្នកជំនាញរបស់អង់គ្លេស កំពុងតែវាយតម្លៃវ៉ាក់សាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន​Pfizer របស់អាមេរិក សហការជាមួយក្រុមហ៊ុនBioNTech របស់អាល្លឺម៉ង់។​ មន្ត្រីសុខាភិបាលអង់គ្លេស​ស្នើឲ្យត្រៀមលក្ខណៈចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩នៅថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០នេះ។
អង់គ្លេស​បានបញ្ជាទិញវ៉ាក់សាំងកូវីដ​-១៩ សរុបដល់ទៅ៤០លានដូស​ ហើយនៅចុងឆ្នាំ​២០២០នេះនឹងទទួលបាន​​១០លានដូសគ្រប់គ្រាន់សម្រាប់ចាក់ដល់ពលរដ្ឋ​៥លាននាក់​។
ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រីAngela Merkel កាលពីថ្ងៃទី​២៦ខែវិច្ឆិកា​បានប្រកាសថា អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំង​ដំបូងដល់ពលរដ្ឋ​នៅមុនពិធីបុណ្យគ្រិឹស្តស្មាស់​ឆ្នាំ​២០២០ ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការអនុវត្តគម្លាតសង្គមនៅតែបន្តជាច្រើនខែទៀត​។
អធិការបតីអាល្លឺម៉ង់​បានបញ្ជាក់ទៀតថា មិនត្រឹមតែប្រទេសអាល្លឺម៉ង់ ឬអេស្ប៉ាញទេដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​ប្រទេសជាសមាជិកទាំង​២៧ប្រទេសក្នុងសហគមន៍​នឹងទទួលបានវ៉ាក់សាំង ចាក់បង្ការកូវីដ​-១៩​ក្នុងពេលឆាប់ៗខាងមុខ​៕

ដោយ៖ធី រីណា


ចែករំលែក៖