ក្រសួងចារកិច្ចកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ក្រុម«ហែកឃឺ»កូរ៉េខាងជើងបានព្យាយាមវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់កូរ៉េខាងត្បូង។
លោកHa Tae-keung តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា លោកទទួលបានព័ត៌មានពីក្រុមចារកិច្ចជាតិថា កូរ៉េខាងជើងបានវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតឬបាត់បង់ដោយសារតែការវាយប្រហារពីកូរ៉េខាងជើងនោះឡើយ។
កាលពីសប្តាហ៍កន្លងមក ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហែកឃឺរបស់រុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមចូលទៅកាន់បណ្តាញ របស់ក្រុមហ៊ុនឱសថចំនួន៧ផ្សេងគ្នាក្នុងនោះមានក្រុមហ៊ុន ស្រាវជ្រាវនិងផលិតវ៉ាក់សំាងរបស់កូរ៉េខាងត្បូង កាណាដា បារាំង ឥណ្ឌា និងអាមេរិក។
ប៉ុន្តែមកទល់ពេលនេះភាគីកូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វីជុំវិញការចោទប្រកាន់ខាងលើនោះឡើយ។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានរឹតបន្តឹងការទប់ស្កាត់ឆ្លងកូវីដ-១៩ក្នុងប្រទេសរបស់ខ្លួន ហើយសូម្បីតែជំនួយបរទេសក៏មិនហ៊ានទទួលយកដែរ ខ្លាចឆ្លងកូវីដ-១៩៕ដោយ៖ធី រីណា