ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទិត្យ គា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) រួមដំណើរដោយឈ្មោះ ឡាំ ឡឹម ភេទប្រុស ៣១ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)អ្នកទាំង២នាក់រស់នៅភូមិ.ឃុំកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយអ្នកជិះម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលរដូករណេលរងរបួសធ្ងន់ទាំងអស់គ្នាបែបនេះ ។

ប្រភពដដែលបន្តទៀតថា ភាគីម្ខាងឈ្មោះ ខៀវ ចន្ថា ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ជាមន្រ្តីបរិស្ថាន បច្ចុប្បន្ន រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 5411 ។

ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចនគរបាលរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ ដោយ៖បុឹម ពិន


ចែករំលែក៖