ខេត្តកំពង់ឆ្នាំង៖ ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន សូមជម្រាបជូនថា តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ ស្រី៨នាក់ និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ដោយមានស្លាប់ចំនួន ២នាក់ ស្រីទាំងពីរនាក់ និង អ្នកសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន១០នាក់ ក្នុងនោះមានបុរស ១នាក់ មានសភាពធ្ងន់។
តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ដែរថា តាមការសាកសួរ អ្នកភូមិជីប្រ៉ងទាំងចាស់ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ពេលព្រឹកថ្ងៃទី២៤ ប្រហែលម៉ោង១១ថ្ងៃត្រង់ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់ (សូមបញ្ជាក់ថាពេលព្រឹកនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ បានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុន និងក្រោយបាញ់ថ្នាំឪឡឹកគាត់)។
ក្រោយពីពិសាទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហេីយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។
បច្ចុប្បន្ន ស្ថានភាពអ្នកពុលទាំង១០នាក់ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួននៅថ្ងៃទី២៧ រួចហេីយ តែស្ត្រីម្នាក់អាយ៥៣ឆ្នាំក៏បានធូរស្បេីយពីការពុលនេះហេីយ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃេីញ៕
ដោយ៖សូរិយា