ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ! ក្រសួងពាណិជ្ជកម្មចិន នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់ ២១២ភាគរយ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីទប់ស្កាត់នូវវិធានការការពារមិនឲ្យស្រាអូស្រ្តាលី លក់ក្នុងតម្លៃទាបជាងស្រាក្នុងស្រុករបស់ចិន កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ខ្លួននឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់២១២ភាគរយដោយគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។

បើតាមក្រសួងពាណិជ្ជកម្មចិន ជុំវិញនឹងបញ្ហាការប្រកាសដំឡើងពន្ធបណ្តោះអាសន្នលើស្រាអូស្រ្តាលី ខណៈដែលមន្រ្តីជំនាញចិន អះអាងថាមានមួយចំនួន បានលក់ក្នុងតម្លៃទាបជាងស្រារបស់ចិន និងលក់ក្នុងតម្លៃទាបជាងនៅអូស្រ្តាលីទៅទៀត។ បើសិនគ្មានការប្រែប្រួលទេ ពន្ធលើស្រាអូស្រ្តាលី នឹងត្រូវដំឡើងចាប់ពី ១០៧ភាគរយ ដល់ ២១២ភាគរយ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនបានបញ្ជាក់ឡើយ ថាតើពេលណានឹងទម្លាក់ចោលពន្ធនាំចូលស្រាអូស្រ្តាលីនោះទេ ព្រោះចិន ជាទីផ្សារនាំចេញស្រាធំបំផុតរបស់អូស្រ្តាលី។

បើតាមអាជ្ញាធរទទួលបន្ទុកលើស្រា អូស្រ្តាលី បាននាំចេញស្រាទៅចិនរហូតដល់ ៣៩ភាគរយ នៃចំនួននាំចេញសរុបក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២០។ បន្ទាប់ពីការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុនTreasury Wine Estates ដែលជាក្រុមហ៊ុនផលិតស្រាធំមួយរបស់អូស្រ្តាលី បានធ្លាក់ចុះតម្លៃហ៊ុនរបស់ខ្លួនច្រើនជាង ១៣ភាគរយ។

សូមជម្រាបថា បច្ចុប្បន្ននេះទំនាក់ទំនងចិនអូស្រ្តាលី ក្នុងវិបត្តិកូវីដ១៩មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្រ្តាលី បានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមកូរ៉ូណាវីរុស ខណៈពេលចិន បានដាក់ពន្ធជាច្រើនលើធ្យូងថ្ម ស្ករ ស្រូវបាលី និងបង្កងរបស់អូស្រ្តាលី។ប៉ុន្តែទោះជាយ៉ាងណា ចិននៅតែបន្តដាក់ពន្ធលើទំនិញរបស់អូស្រ្តាលី ដោយសំអាងថា ទំនិញអូស្រ្តាលីមានតម្លៃថោកជាងទំនិញក្នុងស្រុកចិន។

ទាក់ទិននឹងបញ្ហានេះដែេចិន នៅក្នុងខែសីហាកន្លងទៅ ធ្លាប់បានអះអាងថាខ្លួនបើកការស៊ើបអង្កេតលើតម្លៃស្រាអូស្រ្តាលី បន្ទាប់ពីខ្លួនបានទទួលបានពាក្យត្អូញត្អែររបស់សមាគមឧស្សាហកម្មស្រានៅក្នុងស្រុក ជុំវិញតម្លៃស្រាអូស្រ្តាលីលក់ក្នុងតម្លៃទាប។ ពេលនោះ សមាគមឧស្សាហកម្មស្រាចិន បានស្នើឲ្យចិនដំឡើងពន្ធ ២០២, ភាគរយ។

ដោយឡែកជុំវិញការដំឡើងពន្ធស្រានេះ ភាគីអូស្រ្តាលី មិនពេញចិត្តឡើយនិងច្រានចោលការចោទប្រកាន់របស់ចិន។ រដ្ឋមន្រ្តីកសិកម្មអូស្រ្តាលី លោកDavid Littleproud បានប្រតិកម្មតាមបណ្តាញសង្គម Twitter ថារដ្ឋាភិបាលអូស្រ្តាលី ខកបំណងជាខ្លាំងលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលចិនបែបនេះ ហើយអូស្រ្តាលី នឹងចេញវិធានការតបវិញ។ បើតាមសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្រ្តីកសិកម្មស្រាអូស្រ្តាលី គឺល្បីណាស់នៅក្នុងប្រទេសចិន និងក្នុងពិភពលោកទាំងមូល ហើយអូស្រ្តាលី ក៏មិនបានលក់បន្ទាប់តម្លៃដែរ៕ដោយ៖ស តារា


ចែករំលែក៖