ព័ត៌មានទាន់ហេតុការណ៍៖

លោកតាជិះកង់ឌុបចៅស្រីចៃដន្យអាក្រក់ត្រូវម៉ូតូបុកពីក្រោយរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈកំពុងជិះកង់ឌុបចៅសុខៗត្រូវម៉ូតូដែលបើកស្របទិសគ្នាបុកមកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ស្ត្រីដែលបើកម៉ូតូបុកកង់ជនរងគ្រោះមានឈ្មោះ លឹម ស្រីតូច  អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយប៉ោ ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខតាកែវ1H-០៥៨០។

ចំណែកលោកតាជិះកង់មានឈ្មោះ ទី សឹម អាយុ៦៣ឆ្នាំ មុខរបរកសិករ និងចៅស្រីមានឈ្មោះឆាន់ បូរ៉ាវ៉ាន់ឆៃ អាយុ៥ឆ្នាំរស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុមានលោកតាម្នាក់បានឌុបចៅស្រីដោយជិះកង់មួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌សំបកឪឡឹកពាក់ស្លាកលេខ តាកែវ 1H-០៥៨០បើកក្នុងទិសដៅស្របគ្នាខ្វះការប្រុងប្រយ័ត្នក៏បុកកង់ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអួសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖