លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ថា ការណ៍ដែលកម្លាំងប៉ូលិសទីក្រុងប៉ារីសវាយប្រហារទៅលើជនជាតិស្បែកខ្មៅគឺជារឿងមិនអាចទទួលយកបានឡើយ ព្រោះវាជាការអាម៉ាស់បំផុតរបស់បារាំង ។ លោកម៉ាក្រុងបានអំពាវនាវដលរដ្ឋាភិបាលបង្កើតទំនុកចិត្តពីពលរដ្ឋវិញ។
ប្រធានាធិបតីបារាំង នៅថ្ងៃទី ២៧ខែវិច្ឆិកា បានប្រកាសថា ប៉ូលិសទីក្រុងប៉ារីសបានវាយទៅលើផលិតករចម្រៀងដើមកំណើតអាហ្វ្រិក គឺជាការអាម៉ាស់បំផុតរបស់បារាំង។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ចៅក្រមទីក្រុងប៉ារីស បានឃាត់ខ្លួនប៉ូលិស៤នាក់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើជនជាតិស្បែកខ្មៅឈ្មោះ Michel Zecler ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍។ ឃ្លីបវីដេអូស្តីពីការវាយប្រហារបានបង្ហោះ ចែកចាយពេញបណ្តាញសង្គមបង្កការខឹងសម្បាយ៉ាងខ្លាំងពីក្រុមជនជាតិស្បែកខ្មៅ។
ប្រធានាធិបតីម៉ាក្រុងបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «រូបភាពស្តីពីការប្រើហិង្សាទៅលើលោក Michel Zecler គឺជារឿងមិនអាចទទួលយកបានឡើយ ជារឿងអាម៉ាស់បំផុតរបស់ប្រទេសជាតិ។ ទឹកដីបារាំងមិនត្រូវឲ្យមានអំពើហិង្សាទៅលើបុគ្គលណាមួយឡើយ ក៏ដូចជាការរើសអើងជាតិសាសន៍»។
លោកម៉ាក្រុងបានបញ្ជាក់ទៀតថា អ្នកដែលអនុវត្តច្បាប់ គឺត្រូវតែគោរពច្បាប់ឲ្យបានល្អបំផុត»។ លោកក៏បានស្នើដល់កម្លាំងសន្តិសុខត្រូវចេះធ្វើជាគម្រូដល់ពលរដ្ឋទាំងអស់។ ការវាយប្រហារទៅលើជនជាតិស្បែកខ្មៅកើតឡើង ក្នុងពេលដែលបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្នុងទឹកដីបារាំងនិងប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុបមិនទាន់ស្ងប់ស្ងាត់ផង។ សកម្មភាពនោះអាចបង្កឲ្យមានបាតុកម្មជាថ្មីកើតឡើង ។
នៅថ្ងៃទី២៨ខែវិច្ឆិកានេះ នៅទីក្រុងប៉ារីស មានពលរដ្ឋជាង ៣៥០០នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងកម្លាំងប៉ូលិសដែលប្រើហិង្សាទៅលើបុរសជនជាតិស្បែកខ្មៅ៕ដោយ៖ធី រីណា