ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ចំនួនអ្នកពុលស្រា.សបន្តកើនឡើងដល់១០១នាក់ ស្លាប់២នាក់ពេលបញ្ជូនទៅភ្នំពេញនិងស្លាប់២នាក់ទៀតនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មកដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ អ្នកជំងឺដែលសង្ស័យថាពុលស្រា.ស បានកើនឡើងចំនួន៣៥នាក់បន្ថែមទៀតដែលបានបញ្ជូនមកពីស្រុកទឹកផុសមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ១០១នាក់ហើយនៃករណីសង្ស័យថាពុលស្រា.ស។ នេះបើតាមការបញ្ជាក់ពីលោក ហុក គឹមចេង អគ្គនាយក បច្ចេកទេសនៃក្រសួងសុខាភិបាលដែលបានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។លោកបានបញ្ជាក់ថា អ្នកដែលសង្ស័យថាពុលស្រាស៣៥នាក់ដែលបញ្ជូនមកព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ គឺមានអាការធ្ងន់ចំនួន៣នាក់ ត្រូវត្រៀមញ្ជូនទៅសង្រ្គោះនៅភ្នំពេញ ។
ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្តនិងមន្រ្តីនៃមន្ទីរពាក់ព័ន្ធ រួមសហការជាមួយក្រសួងសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងបានយកវត្ថុវិភាគមួយចំនួនមានស្រា.ស និងស្រាថ្នាំ យកមកធ្វើវិភាគនៅភ្នំពេញហើយ ។
លោកបានសំណូមពរឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់បញ្ឈប់ការហូបស្រា.សនៅមូលដ្ឋានទាំងនោះ ព្រោះពេលនេះកំពុងតែកើតឡើងករណីពុល ដែលខាងជំនាញបច្ចេកទេសកំពុងតែដាក់សង្ស័យទៅលើស្រា.សនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកផុស មកពីឃុំជៀប និងឃុំ អភិវឌ្ឍន៍ មានអាការឈឺក្បាល វិលមុខ និងក្អួតចង្អោរជាខ្លាំង ហើយត្រូវបានដឹកមកសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលករណីនេះគេបានដាក់សង្ស័យថាប្រជាពលរដ្ឋពុលដោយសារការផឹកស្រា.ស និងស្រាថ្នាំ ខណៈដែលប្រជាពលរដ្ឋទាំងនោះបានចូលរួមក្នុងពិធីបុណ្យសពមួយនៅក្នុងមូលដ្ឋាននោះ ៕ ចន្ថា


ចែករំលែក៖