ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យនិងរៀបចំដាក់ម៉ាស និងគ្រឿងបរិក្ខារពេទ្យលើកដាក់លើរថយន្តដើម្បីបញ្ជូនបន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស និងសម្ភារបរិក្ខារពេទ្យមួយចំនួនដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ជូនដល់ប្រទេសទីម័រឡេស្តដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះពិសេសទៅកាន់ប្រទេសទីម័រឡេស្ត ។
នៅល្ងាចថ្ងៃដដែល លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលក៏បានបន្តត្រួតពិនិត្យនិងរៀបចំម៉ាសចំនួន១លាន៥ម៉ឺនម៉ាស និងសម្ភារបរិក្ខារពេទ្យលើកដាក់លើយន្តហោះជើងពិសេសនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមនឹងចេញដំណើរនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០ ទៅកាន់ប្រទេសទីម័រឡេស្ត ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថា «ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានម៉ាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខារមួយចំនួនទៀត»។
ចំពោះសម្ភារដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនប្រទេសទីម័រឡេស្តរួមមាន ម៉ាស់ចំនួន ១លាន ម៉ាស់ក្រណាត់៥ម៉ឺន ម៉ាស់N95 ចំនួន១ម៉ឺន វ៉ែនតាសុវត្ថិភាពចំនួន១ម៉ឺន សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាលចំនួន១ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន២៥០ របាំងមុខចំនួន១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូដែលVista120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងកវែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ម៉ឺនដុំ។
សូមជម្រាបថា នាពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ម៉ាសចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសទាំងនោះ៕
ដោយ ៖អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា