ភ្នំពេញ៖ បើយោងតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបញ្ជាក់ថា៖ អាកាសយានិក និងអ្នកបច្ចេកទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរុបចំនួន៣៣នាក់ បានអវិជ្ជមានមេរោគកូវីដ-១៩ ក្នុងការធ្វើតេស្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើតេស្តរកមេរោគកូវីដ-១៩ លើមនុស្សប្រមាណជាង២ពាន់នាក់ថែមទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ខណៈដែលសំណាកទើបនឹងធ្វើតេស្ដបានចំនួន ២,២៤៧សំណាក ក្នុងចំណោម៣,៣៣២សំណាក។
សូមបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា» បានកើតឡើងបន្ទាប់ពីកម្ពុជា បានរកឃើញករណីឆ្លងកូវីដ-១៩ លើខ្លួនស្រ្តីម្នាក់ដែលជាភរិយារបស់ អគ្គនាយកពន្ធនាគារ ដែលរូបគាត់ពុំអាចដឹងថា បានឆ្លងកូវីដ-១៩ ពីនរណានោះឡើយ។ ករណីនេះ បានរាលដាលកាន់តែធំ ដែលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមនុស្សសរុប១៤នាក់ហើយ មានជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធនឹង អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់រាប់ពាន់នាក់។
រាជរដ្ឋាភិបាល បានចាត់វិធានការនានាជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ អំពីការបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ទៅរាជធានីខេត្តនៅទូទាំងប្រទេស ក្នុងនោះសម្តេចក៏ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ ពីកូវីដ-១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅ រាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។
សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។
ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
សម្តេច ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕
ដោយ៖ សុខ ខេមរា