ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ថវិកាមិត្តជួយមិត្តកងទ័ពជើងគោកជូនគ្រួសារសពយោធិនទទួលមរណៈភាពចំនួន៣គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីប្រគល់-ទទួល ថវិកាមិត្តជួយមិត្តកងទ័ពជើងគោគ ត្រូវបានបើកជូនគ្រួសារសពយោធិនចំនួន០៣គ្រួសារ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅការិយាល័យទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបុណ្យសព កងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកមរណៈទុក្ខ ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារសពដោយ លោក មេបញ្ជាការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេង ក្នុងការរួមចំណែកកិច្ចការពាបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។ នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ក៏បានឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាណក្ខន្ធសពនាយទាហានទាំងបីរូប សូមបានទៅកាន់ឋានសុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា គ្រួសារសពនាយទាហាននីមួយៗបានទួលថវិកាមិត្តជួយមិត្តកងទ័ពជើងគោក ក្នុង០១គ្រួសារថវិកាចំនួន១៦លានរៀល។ រួមមានគ្រួសារសព ឧត្តមសេនីយ៍ត្រី ព្រហ្ម គីមហ៊ី ទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែតុលា២០២០ ក្នុងជន្មាយុ៦០ឆ្នាំ វរសេនីយ៍ទោ ឈឹម សុធី នាយរងផ្នែកសន្តិសុខផ្ទែក្នុង ការិយាល័យទី១ កងទ័ពជើងគោក ទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែតុលា ២០២០ ក្នុងជន្មាយុ៥១ឆ្នាំ និងអនុសេនីយ៍ត្រី អៀន ស្វៃ មេបញ្ជាការរង(ខ ) បញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោក ទទួលមរណៈភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ២០២០ ក្នុងជន្មាយុ៤៨ឆ្នាំ៕

ដោយ៖ សិលា


ចែករំលែក៖